ក្រសួងកសិកម្មកម្ពុជាស្នើឱ្យស្វីសជួយពង្រឹងសមត្ថភាពមន្ត្រីឆ្លើយតបបញ្ហាប្រែប្រួលអាកាសធាតុ និងបង្កើនផលិតផលកសិកម្ម

វិទ្យុជាតិកម្ពុជា ធីណា ឌីណេ
ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានស្នើឱ្យប្រទេសស្វីស ជួយពង្រឹងសមត្ថភាពលើការងារឆ្លើយតបបញ្ហាប្រែប្រួលអាកាសធាតុនិងបង្កើនផលិតផលកសិកម្មនៅកម្ពុជា ។
ថ្លែងក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីសប្រចាំកម្ពុជា និងសហការី កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់ភាគីស្វីស ជួយពិនិត្យលទ្ធភាពពង្រឹងសមត្ថភាពមន្ត្រីនិងប្រជាកសិករ កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាប្រព័ន្ធស្រោចស្រព ដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះទឹក បង្កដោយការប្រែប្រួលអាកាសធាតុ និងជំរុញការសិក្សា ស្រាវជ្រាវ និងផលិតពូជគ្រឹះ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។
ការស្នើសុំនេះ ដោយសារប្រទេសស្វីសជាប្រទេសមួយដែលបានជួយដល់វិស័កសិកម្មប្រទេសកម្ពុជាកន្លងមកតាមរយៈការផ្តល់នូវគម្រោងនានា ជាពិសេសប្រទេសស្វីសក៏ជាប្រទេសមួយមានការីកចម្រើនលើវិស័យកសិកម្មនេះផងដែរ។
លោក Markus Buerli បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងដែលបាននឹងបន្តអភិវឌ្ឍន៍វិស័យកសិកម្ម ប្រកបដោយប្រសិទ្ធភាព តាមរយៈការជំរុញផលិតកម្មក្នុងស្រុក ជាពិសេសក្នុងដំណាក់កាលនៃជំងឺវីរុសកូវីដ-១៩ ។ លោក បានឯកភាពចំពោះកង្វល់របស់ឯកឧត្តមរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងបញ្ហាកង្វះទឹក និងកម្ពស់ទឹកនៅទន្លេមេគង្គ មានកម្រិតទាបនៅឡើយ ដែលអាចជះឥទ្ធិពល ដល់ការងារបង្កបង្កើនផលក្នុងឆ្នាំនេះ ។ ហេតុដូច្នេះ ភាគីស្វីសកំពុងធ្វើការពិភាក្សា ជាមួយដៃគូអភិវឌ្ឍន៍មួយដែលកំពុងប្រតិបត្តិការនៅកម្ពុជាផងដែរ ដើម្បីរៀបចំគម្រោងឧបត្ថម្ភរយៈពេលខ្លី ផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងប្រព័ន្ធស្រោចស្រពដល់កសិករ ។ មួយវិញទៀត ដោយពិនិត្យឃើញថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការអនុវត្តគម្រោង RIICE ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ភាគីស្វីសនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង ដោយគ្រោងនឹងចុះកិច្ចព្រមព្រៀង លើការអនុវត្តគម្រោងមួយផ្សេងទៀត ដែលជាគម្រោងជំរុញខ្សែច្រវាក់ផលិតកម្មដំណាំសាកវប្បកម្ម ហៅថាគម្រោងបន្លែ ផ្លែឈើកម្ពុជា CHAIN ជំហានទី៣ ពីខែមករា ឆ្នាំ២០២១ ដល់ ខែធ្នូ ឆ្នាំ២០២២ ៕