ប្រទេសតួកគីនឹងចាប់ផ្តើមសាកល្បង វ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណាវីរុសរបស់រុស្ស៊ីឆាប់ៗនេះ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០​ — រដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគី លោក Fahrettin Koca បាននិយាយថា ប្រទេសតួកគីអាចនឹងចេញលិខិតអនុញ្ញាតិ សម្រាប់ការសាកល្បងវ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណាវីរុសរបស់រុស្ស៊ី ក្នុងពេលឆាប់ៗនេះ។

លោកបាននិយាយថា «យើងបានទទួលការសាកសួរទាក់ទងនឹងការសាកល្បងវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសរុស្ស៊ីនេះ។ ឯកសារពាក់ព័ន្ធត្រូវបានត្រួតពិនិត្យរួចហើយ ហើយលិខិតអនុញ្ញាតនឹងត្រូវបានចេញនាពេលឆាប់ៗខាងមុខនេះ»។ លោកបាននិយាយបន្ថែមថា បច្ចុប្បន្ននេះ ប្រទេសតួកគីកំពុងធ្វើការសាកល្បងវ៉ាក់សាំងផ្ទាល់ខ្លួនចំនួនពីរផងដែរ។

កាលពីថ្ងៃទី ១១ ខែសីហា ប្រទេសរុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំងដំបូងគេនៅលើពិភពលោកប្រឆាំងនឹងមេរោគឆ្លងថ្មីកូរ៉ូណាវីរុស។ វ៉ាក់សាំងនេះមានឈ្មោះថា Sputnik V ដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវជាតិផ្នែករោគរាតត្បាត និងមីក្រូជីវសាស្រ្ត Gamaley នៃក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ី ហើយការសាកល្បងរបស់វាត្រូវបានបញ្ចប់ដោយជោគជ័យកាលពីខែមិថុនាដល់ខែកក្កដា។

នាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី លោក Kirill Dmitriev បាននិយាយមុននេះថា រុស្ស៊ីបានទទួលការបញ្ជាទិញវ៉ាក់សាំងនេះចំនួនមួយពាន់លានដូសពីប្រទេសចំនួន២០ នៅលើពិភពលោក៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)