សារធាតុផ្ទុះនៅតែមាននៅកំពង់ផែបេរូត

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ ប្រធានកំពង់ផែបេរូត លោក Bassem Al Kaissi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅមានសម្ភារៈ និងសារធាតុផ្ទុះជាច្រើនទៀតដែលត្រូវបានរកឃើញនៅកំពង់ផែបេរូតដែលត្រូវបានបំផ្លាញទាំងស្រុងដោយសារលទ្ធផលនៃការផ្ទុះដ៏ខ្លាំងមួយកាលពីដើមខែសីហា។ លោកបាននិយាយបន្ថែមថា អាជ្ញាធរកំពង់ផែបានផ្ញើលិខិតមួយដែលទាមទារឱ្យដកចេញនូវសម្ភារៈ និងសារធាតុទាំងនោះចេញ។

លោក Al Kaissi ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Lebanon’s El Nashra ដែលបាននិយាយថា «កំពង់ផែនេះនៅមានផ្ទុកនូវគ្រឿងផ្ទុះជាច្រើននៅលើទឹកដីរបស់ខ្លួន។ យើងបានបញ្ជូនលិខិតមួយច្បាប់ទៅអាជ្ញាធរមានសមត្ថកិច្ច  ហើយបានស្នើសុំឱ្យសេវាកម្មគយដកយកវាចេញ»។

ប្រធានរូបនេះក៏បានអះអាងថា លោកមានបំណងដាក់ពាក្យបណ្តឹងនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះប្រឆាំងនឹងម្ចាស់សារធាតុទាំងនេះ។

កាលពីថ្ងៃទី ៤ ខែសីហា ការផ្ទុះដ៏ធំមួយបានកើតឡើងនៅឯកំពង់ផែបេរូត ដែលបានបំផ្លាញអគារជិតពាក់កណ្តាលនៅក្នុងទីក្រុង។

អាជ្ញាធរលីបង់បាននិយាយថា ការផ្ទុកសារធាតុអាម៉ូញ៉ូមនីត្រាតចំនួន ២.៧៥០តោនក្នុងលក្ខណៈមិនត្រឹមត្រូវនៅក្នុងកំពង់ផែបេរូត គឺជាមូលហេតុនៃការផ្ទុះនេះ។

រដ្ឋាភិបាលលីបង់បានប្រកាសអាសន្នក្នុងរដ្ឋធានីនេះ ហើយបានលាលែងពីតំណែងមិនដល់មួយ សប្តាហ៍ផងបន្ទាប់ពីការផ្ទុះនៅកំពង់ផែបេរូ បន្ទាប់ពីមានកំហឹងជាសាធារណៈដែលបណ្តាលឱ្យបាតុកររាប់ពាន់នាក់ធ្វើបាតុកម្មនៅតាមដងផ្លូវ ដោយអំពាវនាវឱ្យនាយករដ្ឋមន្រ្តីលីបង់ លោក Hassan Diab ចុះចេញពីតំណែង៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)