រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងនឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំទាក់ទងនឹងអាស៊ាន តាមរយៈតំណភ្ជាប់វីដេអូនៅសប្តាហ៍ក្រោយ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យរបស់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងបាននិយាយថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំជាមួយសមភាគីរបស់លោកស្រីមកពីតំបន់អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសដទៃទៀតនៅសប្តាហ៍ក្រោយនេះតាមរយៈសន្និសីទវីដេអូ ដើម្បីពិភាក្សាអំពីការឆ្លើយតបចំពោះមេរោគកូរ៉ូណាវីរុស និងបញ្ហានានាក្នុងតំបន់។

ចាប់ពីថ្ងៃពុធដល់ថ្ងៃសៅរ៍សប្តាហ៍ក្រោយ លោកស្រី Kang នឹងចូលរួមក្នុងកិច្ចប្រជុំនិម្មិត្តដែលមានការចូលរួមពីសមាជិកអាស៊ានទាំង ១០ ដូចជាវេទិកាតំបន់អាស៊ាន (ARF) និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ជាដើម។

ប្រទេសវៀតណាមគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ប៉ុន្តែបណ្តាប្រទេសដែលចូលរួមបានសម្រេចចិត្តរៀបចំកិច្ចប្រជុំតាមរយៈខ្សែវីដេអូ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានរំខាន។

ក្រុមមន្ត្រីបាននិយាយថា នៅក្នុងកិច្ចប្រជុំនោះគេរំពឹងថា លោកស្រី Kang នឹងអំពាវនាវឱ្យមានសាមគ្គីភាពអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការស្តារឡើងវិញនៃសេដ្ឋកិច្ច និងការលើកកម្ពស់សន្តិភាពក្នុងតំបន់។

ជាពិសេស លោកស្រីមានផែនការអំពាវនាវឱ្យមានការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូលដើម្បីជំរុញសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលោកស្រីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្រោមការចុះហត្ថលេខារបស់ខ្លួននូវគោលនយោបាយថ្មីខាងត្បូង។

គេនៅមិនទាន់ច្បាស់ទេថា តើកូរ៉េខាងជើងនឹងចូលរួមក្នុងសម័យប្រជុំ ARF ដែរឬយ៉ាងណា៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)