កូរ៉េខាងត្បូងពិចារណាអំពីការដកយកវិញនូវថវិកាដែលបានផ្តល់ទៅឱ្យកម្មវិធីស្បៀងអាហារពិភពលោកសម្រាប់ភាពជាប់គាំងនៃគម្រោងផ្គត់ផ្គង់អង្ករដល់កូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួនកំពុងពិចារណាការទូទាត់ប្រាក់ដែលខ្លួនបានផ្តល់ទៅកម្មវិធីស្បៀងអាហារពិភពលោក (WFP) សម្រាប់ផែនការផ្តល់ជំនួយអង្ករដល់ប្រទេសកូរ៉េខាងជើង ប្រសិនបើមិនមានការរីកចម្រើនណាមួយនៅក្នុងគម្រោងដែលកំពុងជាប់គាំងនេះនៅចុងឆ្នាំនេះទេ។

កាលពីខែមិថុនាឆ្នាំមុន ក្រសួងនេះបានប្រកាសផែនការផ្តល់អង្ករចំនួន ៥០.០០០តោនដល់កូរ៉េខាងជើងតាមរយៈកម្មវិធីស្បៀងអាហារពិភពលោក នឹងបានផ្តល់ថវិកាដល់អង្គការនេះចំនួន ១៣,៨ប៊ីលានវ៉ុន (១១,៦ លានដុល្លារអាមេរិក) ដើម្បីចំណាយទៅលើថ្លៃដឹកជញ្ជូន ឧបករណ៍ និងការត្រួតពិនិត្យ។

ទោះជាយ៉ាងណា ផែនការនេះត្រូវបានជាប់គាំងនៅពេលដែលកូរ៉េខាងជើងបដិសេធការផ្តល់ជំនួយនេះ ដែលផ្តល់ឡើងក្នុងការដែលគេកំពុងតវ៉ាជុំវិញសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

មន្ត្រីម្នាក់នៃក្រសួងនេះបានប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌអនាមិកថា «យើងកំពុងខិតខំប្រឹងប្រែងដើម្បីបញ្ចប់គម្រោងនេះ ដោយមានផែនការស្វែងរកកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើងតាមរយៈកម្មវិធីស្បៀងអាហារពិភពលោករហូតដល់ចុងឆ្នាំនេះ»។

លោកបាននិយាយបន្ថែមថា «ក្នុងករណីដែលគម្រោងត្រូវបានបញ្ចប់ដោយគ្មានការរីកចម្រើនណាមួយនៅឆ្នាំនេះទេ យើងនឹងមានការពិគ្រោះយោបល់ជាមួយកម្មវិធីស្បៀងអាហារពិភពលោកក្នុងមធ្យោបាយមួយដើម្បីទូទាត់ប្រាក់ដែលបានផ្តល់ទៅអង្គការនេះ»។

ក្រុមអ្នកឃ្លាំមើលបាននិយាយថា កូរ៉េខាងជើងទំនងជាមិនឆ្លើយតបនឹងការផ្តល់ជំនួយរបស់ទីក្រុងសេអ៊ូលទេ ដោយសារតែទំនាក់ទំនងអន្តរកូរ៉េមានការថប់ដង្ហើមបន្ថែមទៀតនាពេលថ្មីៗនេះចាប់តាំងពីកូរ៉េខាងជើងបានបំផ្លាញការិយាល័យទំនាក់ទំនងនៅទីប្រជុំជន Kaesong នៅព្រំដែនរបស់ខ្លួនកាលពីខែមិថុនា ដោយសារខឹងនឹងការបញ្ជូនខិត្តប័ណ្ណប្រឆាំងនឹងទីក្រុងព្យុងយ៉ាងដោយសកម្មជននៅកូរ៉េខាងត្បូង៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)