ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០​ — ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានប្រកាសថា ប្រទេសឥណ្ឌូណេស៊ីបានរៀបចំផែនការចាប់ផ្តើមផលិតវ៉ាក់សាំងដោយខ្លួនឯងនៅពាក់កណ្តាលឆ្នាំ ២០២១។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ១ ខែកញ្ញា លោក វីដូដូ បាននិយាយថា ការបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុនក្នុងស្រុក គឺមានភារកិច្ចអភិវឌ្ឍន៍វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានសក្តានុពល ជាមួយនឹងការបញ្ចប់ដំណើរការនេះបានពី ៣០ភាគរយ ទៅ ៤០ភាគរយហើយ។

លោកបានបង្ហាញក្តីសង្ឃឹមថា ការសាកល្បងព្យាបាលអាចនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២១ មុនពេលផលិតកម្មពាណិជ្ជកម្មចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំក្រោយ។

វ៉ាក់សាំងដែលមានឈ្មោះថា «មេរ៉ាពូទី (Merah Putih)» ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនរួមគ្នាក្រោមក្រសួងស្រាវជ្រាវ និងបច្ចេកវិទ្យា ដឹកនាំដោយវិទ្យាស្ថានអ៊ីជីកម៉ាន(Eijikman) សម្រាប់ជីវវិទ្យាម៉ូលេគុល។

កាលពីមុន នាយកវិទ្យាស្ថានអ៊ីជីកម៉ាន សម្រាប់ជីវវិទ្យាម៉ូលេគុល លោក Amin Soebandrio បាននិយាយថា វ៉ាក់សាំងនេះត្រូវបានគេរំពឹងថា នឹងឆ្លើយតបបានយ៉ាងហោចណាស់ ៥០ភាគរយនៃតម្រូវការចាក់វ៉ាក់សាំងរបស់ប្រទេសឥណ្ឌូណេស៊ី។

ក្រៅពីការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុសដោយខ្លួនឯង ប្រទេសឥណ្ឌូណេស៊ីក៏បានបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២៩០លានដូស ក្នុងពេលបំពេញទស្សនកិច្ចថ្មីៗនេះរបស់រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក Retno Marsudi និងរដ្ឋមន្ត្រីក្រសួងសហគ្រាសគ្រប់គ្រងដោយរដ្ឋ លោក Erick Thohir ទៅកាន់ប្រទេសចិន និងអារ៉ាប់រួមអេមីរ៉ាត។ វ៉ាក់សាំងទាំងនេះនឹងត្រូវបញ្ជូនទៅប្រទេសឥណ្ឌូណេស៊ីមុនដំណាច់ឆ្នាំ ២០២១ ។

ក្រុមហ៊ុនជីវឧស្ម័នចិន Sinovac Biotech ជាក្រុមហ៊ុនផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ-១៩ មួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ពីររបស់ប្រទេសឥណ្ឌូណេស៊ី​ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះក្នុងការជួយអភិវឌ្ឍន៍វ៉ាក់សាំងផ្ទាល់ខ្លួន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)