ប្រទេសវៀតណាមអំពាវនាវឱ្យមានការបន្តកិច្ចចរចាសន្តិភាពនៅលីប៊ី

KP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០​ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានានៅក្នុងប្រទេសលីប៊ីឱ្យចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញ។

ថ្លែងនៅឯកិច្ចប្រជុំនិម្មិតមួយដែលរៀបចំដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីបញ្ហាបច្ចុប្បន្ននៅលីប៊ី និងសកម្មភាពរបស់បេសកកម្មគាំទ្រអង្គការសហប្រជាជាតិនៅលីប៊ី (UNSMIL) កាលពីថ្ងៃទី២ ខែកញ្ញា អ្នកការទូតវៀតណាមរួបនេះបានបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់ការប្តេជ្ញាចិត្តនៅឯសន្និសីទទីក្រុងប៊ែកឡាំង ស្តីពីលីប៊ី ដែលគាំទ្រដោយ UNSC ក្នុងដំណោះស្រាយលេខ ២៥១០ ។

លោកបានទទួលស្គាល់សេចក្តីថ្លែងការណ៍ថ្ងៃទី២១ ខែសីហា ដោយភាគីពាក់ព័ន្ធនានា ដែលបានអំពាវនាវឱ្យពួកគេបញ្ចប់ភាពប្រទូសរ៉ាយរបស់ពួកគេ ហើយបន្តកិច្ចចរចាសន្តិភាពអំពីបណ្តាញនយោបាយ យោធា និងសេដ្ឋកិច្ច។

លោក Quy ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ UNSMIL បណ្តាប្រទេសនៅជិតខាងលីប៊ី និងអង្គការក្នុងតំបន់នានា ក្នុងការលើកកម្ពស់សន្តិភាពនៅលីប៊ី ខណៈដែលលោកបានបង្ហាញអំពីសារៈសំខាន់នៃការអនុលោមតាមការហាមឃាត់អាវុធរបស់ UNSC និងបញ្ចប់ការជ្រៀតជ្រែកពីខាងក្រៅ។

ឯកអគ្គរដ្ឋទូតរូបនេះបានអះអាងថា វៀតណាមគាំទ្ររាល់សកម្មភាពរបស់ UNSMIL រួមទាំងការបន្តអាណត្តិរបស់ UNSMIL សម្រាប់រយៈពេល ១២ខែបន្ថែមទៀត ក៏ដូចជាការតែងតាំងអ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីប៊ី។

នៅក្នុងកិច្ចប្រជុំនេះ អ្នកតំណាងពិសេសស្តីទីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធានបេសកកម្មគាំទ្រអង្គការសហប្រជាជាតិប្រចាំនៅលីប៊ី (UNSMIL) លោកស្រី Stephanie Williams បានសម្តែងការព្រួយបារម្ភអំពីការបន្តការគាំទ្រពីខាងក្រៅដល់ភាគីពាក់ព័ន្ធនៅក្នុងប្រទេសលីប៊ី ការធ្លាក់ចុះសេដ្ឋកិច្ច និងការបង្កើនភាពវឹកវរក្នុងសង្គម ជាពិសេសការតវ៉ានៅក្នុងរដ្ឋធានីទ្រីប៉ូលី (Tripoli) ចាប់តាំងពីចុងខែសីហាមក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)