សម្តេចតេជោ ហ៊ុន សែន បានសម្រេចទម្លាក់កញ្ចប់ថវិកា១៥០លានដុល្លារកសាងផ្លូវ៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ .សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេច ទម្លាក់កញ្ចប់ថវិកា ១៥០ លានដុល្លារដើម្បីកសាងផ្លូវចំនួន៣៨ ខ្សែក្នុងទីរួមខេត្តសៀមរាប ដើម្បីធានាឱ្យទីក្រុងទេសចរណ៍ ដ៏ធំនេះ​កាន់តែមានភាពទាក់ទាញ ល្អប្រណិត និងងាយស្រួលដល់ការធ្វើចរាចរណ៍។

នៅក្នុងផេកហ្វេកប៊ុករបស់សម្តេចតេជោនៅថ្ងៃទី៤ ខែកញ្ញានេះបានសរសេរថា ទោះបីពេលនេះប្រទេសជាតិ​​យើងកំពុង​ប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ។

សម្តេចតេជោបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែដែលគ្រោងនឹងសាង​សង់នៅក្នុង​ទីរួមខេត្តសៀមរាបនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់​កំណើន​សេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយ​សង្ឃឹម​ថានៅចុងឆ្នាំ ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយនេះ។

សម្តេចតេជោសូមអរគុណចំពោះការចូលរួមចំណែកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើឱ្យយើងសន្សំបានថវិកាប្រមាណជាង ៦០០ លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេស៕