មនុស្ស១០នាក់បានស្លាប់ និង៤៨នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ មនុស្ស១០នាក់បានស្លាប់ និងរបួស៤៨នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ដែលភាគច្រើនគ្រោះថ្នាក់ទាំងនេះ កើតឡើងដោយសារបើកបរលើសល្បឿនកំណត់ និងមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែកញ្ញា នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន២០លើក បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន១០នាក់ របួសចំនួន៤៨នាក់ ក្នុងនោះរបួសធ្ងន់ចំនួន២២នាក់ និងរបួសស្រាលចំនួន២៦នាក់ ។

របាយការណ៍បានឱ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺដោយសាតែបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយានជាដើម ។

របាយការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង២០លើកនេះ គឺធ្វើឱ្យខូចម៉ូតូចំនួន២២គ្រឿង រថយន្តធុនតូច ១០គ្រឿង  រថយន្តធុនធំ ៤គ្រឿង យានផ្សេងៗ ២គ្រឿង  និងថ្មើរជើងម្នាក់។

ជុំវិញបញ្ហានេះ សមត្ថកិច្ចនគរបាល នៅបន្តក្រើនរំលឹកប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយត្រូវបើកបរប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសភ្លើង សញ្ញាចរាចរណ៍ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពពេលបើកបររថយន្ត ពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ច្រាស់ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕