សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសេចក្តីព្រាងច្បាប់មួយចំនួន

វិទ្យុជាតិកម្ពុជា:ជៀង យ៉ារ៉េត ,០៤.០៩.២០២០


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ ២០២០នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី
ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយ ចំនួននៅទីស្ដីការគណៈរដ្ឋមន្ត្រី( វិមានសន្តិភាព)។
បើតាមឯកឧត្តមផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ឲ្យដឹងថា
កិច្ចប្រជុំនាព្រឹកថ្ងៃនេះ នឹងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិន មែនធនាគារ។ កិច្ចប្រជុំក៏នឹងពិភាក្សា និងពិនិត្យលើសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
១- សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ
២- សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថា ប័ននីតិប្បញ្ញត្តិ៖
៣.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការវិនិ យោគក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋឥណ្ឌា។
៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពី ការវិនិយោងរវាងបណ្ដារដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
៣.៣-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ វិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។
៣.៤-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារដើម្បីអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្ដីពីសេវាកម្ម។
៣.៥-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្ដីពីការទទួលស្គាល់ទៅវិញទៅមកការផ្ដល់អាជ្ញាបណ្ណបាហុនិកា៕