ផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ ឆ្នាំ ២០១៩ – ២០២៣ ត្រូវបានអនុម័ត

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៣ ០៩ ០២០


MC៖ផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ ឆ្នាំ ២០១៩ – ២០២៣ ត្រូវបានអនុម័ត ដើម្បីឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញពេលមានគ្រោះមហន្តរាយកើតឡើង។
ក្នុងកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន នៅទីស្តីការគណៈមន្ត្រី នាព្រឹកថ្ងៃទី ០៣ ខែ កញ្ញានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានមានប្រសាសន៏ថា កិច្ចប្រជុំទាំងមូលបានឯកភាពអនុម័តខ្លឹមសាររួមនៃផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ ឆ្នាំ ២០១៩ – ២០២៣ ដើម្បីត្រៀមបម្រុងធនធានថវិកានិង ធនធាន ផ្សេងៗទៀត ក្នុងផែនការសកម្មភាពនិងផែនការថវិកាប្រចាំឆ្នាំ សម្រាប់ការងារកាត់បន្ថយហានិភ័យការ ឆ្លើយតបនិងស្តារឡើងវិញឱ្យបានទៀងទាត់តាមវិស័យជំនាញរៀងៗខ្លួន។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការងារគ្រប់គ្រងគ្រោះមហន្តរាយមិនមែនជាភារកិច្ចផ្តាច់មុខរបស់អគ្គលេខា ធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយទេ តែជាភារកិច្ច រួមគ្នារបស់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានានូវការអភិវឌ្ឍជាតិ និងសហគមន៍ដោយចីរភាព នៅចំពោះមុខការកើនឡើងជាបន្តបន្ទាប់នៃមុខសញ្ញា គ្រោះថ្នាក់នានាបណ្តាលពីកត្តាការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់តំណាងពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ធាតុចូលនិងចូលរួមផុសផុលកន្លងមក ដែល ជាកត្តា ស្នូលក្នុងការធានាថាផែនការនេះនឹងត្រូវអនុវត្តបានរលូន ដោយក្រសួង-ស្ថាប័នជំនាញ ពាក់ព័ន្ធទាំង អស់ក្នុងការកាត់បន្ថយហានិភ័យ ត្រៀមបម្រុងជាមុន ការឆ្លើយតបសង្គ្រោះបន្ទាន់និងស្តារឡើងវិញពេល មានគ្រោះមហន្តរាយកើតឡើង៕