មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា ភ្ញៀវទេសចរប្រមាណ ១.៤លាននាក់ បានដើរកម្សាន្ដនៅទូទាំងប្រទេស ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ រយៈពេល៥ថ្ងៃកន្លងទៅនេះ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្តម  ទិត  ចន្ថា  រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ នៅថ្ងៃ ទី០៣  ខែកញ្ញានេះ  បានអះអាងថា  ភ្ញៀវទេសចរប្រមាណ១.៤លាននាក់ បានដើរ កម្សាន្ដ នៅទូទាំងប្រទេស ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ រយៈពេល៥ថ្ងៃ កន្លងទៅនេះ។

ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេល នៃការរីករាលជំងឺកូវីដ១៩» ឯកឧត្តម ទិត ចន្ថា បានបញ្ជាក់ថា  ថវិកាប្រមាណជាង១០០ដុល្លារអាម៉េរិក  ត្រូវបានចាក់បញ្ចូលក្នុង សេដ្ឋកិច្ចផ្ទៃក្នុងរបស់កម្ពុជា។

ឯកឧត្តម  បានបញ្ជាក់ថា  ការចាយថវិការបស់ភ្ញៀវទេសចរនេះ គឺជាការជំរុញចរន្ដ សេដ្ឋកិច្ចផ្ទៃក្នុងមួយដ៏ល្អ គ្រាដែលទេសចរបរទេសត្រូវបានធ្លាក់ចុះស្ទើរទាំងស្រុង។ សម្រាប់ អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ  ថវិកា១០០លានដុល្លារនេះ គឺជាចរន្ដផ្ទាល់នៃការ ចំណាយរបស់ភ្ញៀវទៅក្នុងគោលដៅទេសចរណ៍។ ឯកឧត្តមថា   ទុននេះនឹងជួយជំរុញផ្នែក ពាក់ព័ន្ធផ្សេងៗទៀត នៃសេដ្ឋកិច្ចសង្គម។

ឯកឧត្តម  បានបន្ថែមថា តាមរយៈតួលេខនេះ ក៏ជាការលើកទឹកចិត្តឱ្យមានការវិនិ យោគបន្ថែម សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន សេវាកម្មទេសចរណ៍នៅមូលដ្ឋាន ចាប់ផ្ដើមបើកដំណើរការឡើងវិញផងដែរ។

ឯកឧត្តម  បញ្ជាក់ថា  រហូតមកដល់ពេលនេះ តាមតួលេខដែលក្រសួងទេសចរណ៍ ទទួលបានអាជីវកម្មបម្រើឱ្យវិស័យទេសចរណ៍ ៣០ភាគរយ បើកដំណើរការឡើងវិញ ក្នុងចំណោម៩០ភាគរយ ដែលត្រូវបិទទ្វារ ដោយសារកូវីដ-១៩។ ក្នុងនោះ កម្មករ និយោជិត ប្រមាណជាង១០ម៉ឺននាក់បានចូលបម្រើការងារវិញផងដែរ៕

ដោយ ចាន់ សុធីវង្ស