រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរួចរាល់ ក្នុងការទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ខណៈបើកសាលា សម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នៅថ្ងៃ០៧ ខែកញ្ញាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០

អាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានរៀបចំខ្លួន រួចរាល់ហើយ ក្នុងការទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួង សុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ខណៈបើកសាលាឱ្យសិស្សថ្នាក់ទី៩ និងថ្នាក់ទី ១២ បានសិក្សារៀនសូត្រនៅថ្ងៃ០៧ ខែកញ្ញាខាងមុខនេះ ។

នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានចុះទៅធ្វើការពិនិត្យស្ថានភាពជាក់ស្តែង នៅក្នុងវិទ្យាល័យបាក់ទូក ស្ថិតក្នុងខណ្ឌ៧មករា ដើម្បីត្រៀម ក្នុងការបើកសាលាឱ្យសិស្សា នុសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ បានរៀនសូត្រ ដោយខាងសាលាបានរៀបចំ អនាម័យ បរិស្ថានជាមួយនឹងការបំពាក់នូវគ្រឿងឧបករណ៍ ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ដែល បានមកពីការជួយឧបត្ថម្ភពីរដ្ឋបាលរាជធានីភ្នំពេញ។

លោក តូច កន្តាល់ នាយកវិទ្យាល័យបាក់ទូក បានមានប្រសាសន៍ថា អនុវត្តន៍ទៅ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាសាលារៀន ទាំងអស់ សម្រាប់ថ្នាក់ទី០៩ និងថ្នាក់ទី១២ ត្រូវបានបើកឱ្យសិស្ស បានសិក្សារៀនសូត្រ ឡើងវិញ ដោយចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះតទៅ។

លោកបញ្ជាក់ថា មុនពេលមានមេរោគកូវីដ-១៩ ជាធម្មតា សិស្សត្រូវរៀន ក្នុង១ថ្នាក់ ប្រមាណ៥០នាក់ តែសម្រាប់ការបើកសាលាឱ្យសិស្សបានរៀនឡើងវិញ នាថ្ងៃទី០៧ ខែកញ្ញាខាងមុខនេះ គឺក្នុងមួយថ្នាក់ៗឱ្យសិស្សរៀនមិនឱ្យលើសពី២០នាក់នោះទេ ហើយមួយ ថ្ងៃ សិស្សអាចសិក្សាត្រឹម៣ម៉ោង និង១សប្តាហ៍រៀនបានពី៤ ទៅ៥ថ្ងៃប៉ុណ្ណោះ ជាមួយនឹងការ ដាក់ចេញនូវវិធានការ ដើម្បីការពារនូវជំងឺកូវីដ-១៩ផងដែរ ដោយតម្រូវឱ្យមានច្រកចេញចូល ត្រូវមានបាញ់អាល់កុលសម្លាប់មេរោគ ពាក់ម៉ាស់ការពារ លាងដៃនឹងសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ទៅមនុស្សម្នាក់ឱ្យបានមួយម៉ែត្រកន្លះផងដែរ។ ក្រៅពីនេះ វេនចេញលេងរបស់សិស្សក៏ត្រូវមានការប្ដូរវេនគ្នាផងដែរ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញបានលើក ឡើងថា ការបើកសាលារៀនឡើងវិញនេះ គឺអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិ បាល និងក្រសួងអប់រំដោយយើងត្រូវរៀបចំជាគណៈកម្មការដើម្បីត្រួតពិនិត្យ ហើយ បើមាន បញ្ហាអ្វីមួយ ដូចជាការឡើងកម្ដៅខ្ពស់ យើងនឹងផ្ដល់ព័ត៌មានដល់ស្ថាប័ន ពាក់ព័ន្ធ និងការ ផ្ដល់ព័ត៌មានតាមលេខទូរស័ព្ទ១១៥ជាដើម។ ពាក់ព័ន្ធនឹងការបើកសាលារៀនវិញនៅថ្ងៃទី០៧ ខែកញ្ញាខាងមុខនេះ មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានរៀបចំរួចរាល់ហើយ ចំពោះវិធានការការពារទប់ស្កាត់នូវជំងឺកូវីដ-១៩។

យុវសិស្ស ព្រុំ សំណាង ដែលជាសិស្សរៀននៅថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូកបាន បញ្ជាក់ពីជំហររបស់ខ្លួនថាការដែលក្រសួងអប់រំអនុញ្ញាតសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ បានចូលរៀនសូត្រឡើងវិញនេះ គាត់ពិតសប្បាយរីករាយណាស់ និងមានការជឿទុកចិត្ត យ៉ាងខ្លាំងទៅលើវិធានការការពារទប់ស្កាត់នូវជំងឺកូវីដ-១៩ របស់សាលា ដោយយុវសិស្ស រូបនេះអះអាងថា វិធានការការពារទាំងនេះ អាចធ្វើឱ្យឪពុកម្ដាយ ឬអាណាព្យាបាល របស់គាត់មានទំនុកចិត្តនិងជឿជាក់ថា មិនមានការឆ្លងនូវជំងឺកូវីដ-១៩ ក្នុងអំឡុងពេលដែល ពួកគាត់សិក្សារៀនសូត្រនេះទេ។

បើតាមយុវតីឈ្មោះនឿន ធីតាក៏បានបញ្ជាក់ស្រដៀងនឹងគ្នានេះផងដែរ ហើយ នាងក៏បានសូមអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ដែលត្រូវចូលរៀននៅថ្ងៃទី ០៧ខែកញ្ញានេះ សូមចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ឱ្យបាន នូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នាងក៏បានបញ្ជាក់ផងដែរថា ការសិក្សាតាមអនឡាញ កន្លងមកនេះ នាងពិតជាមានការលំបាកក្នុងការរៀនសូត្រ មានបញ្ហា ឬចម្ងល់អ្វីមួយមិនដឹងថា សាកសួរយ៉ាងណា ដែលនេះជាបញ្ហា។ នាងថា ការបើកឱ្យមានការសិក្សាផ្ទាល់ ជាមួយនឹង លោកគ្រូ អ្នកគ្រូផ្ទាល់ឡើងវិញបែបនេះ វាបានធ្វើឱ្យនាងរីករាយ ក្នុងចិត្តយ៉ាងខ្លាំង៕

ដោយ សួស  សំរិត