រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមដាំដើមធ្នង់ ប្រមាណ២ពាន់ដើមនៅតាម បណ្ដោយផ្លូវជើងឯកចំការដូង

វិទ្យុជាតិកម្ពុជា ៖​ដោយ​ លោក​ ចន​ ណារិទ្ធ​


ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមដាំដើមឈើប្រណិតប្រមាណ២ពាន់ដើមនៅអមសងខាងបណ្ដោយផ្លូវជើងឯកចំការដូងចាប់ពីស្ពានដែកចំការដូងរហូតដល់រង្វង់មូលកួរស្រូវ ដើម្បីបង្កើនភាព បៃតងលើកកម្ពស់សោភ័ណភាពផ្លូវនេះឱ្យកាន់តែស្រស់ស្អាត។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី៣ ខែកញ្ញានេះថា ដើមឈើប្រណិតដែលបានដាំនៅតាមបណ្តោយផ្លូវជើងឯកនិងចំការដូងនេះ ជាប្រភេទឈើធ្នង់ចំនួន២ពាន់ដើម ដែលនឹងផ្តល់គុណប្រយោជន៍យ៉ាងច្រើន ដល់សោភ័ណភាពទីក្រុង។
លោកបន្តថា ដើមឈើប្រណិតដែលត្រូវដាំនេះ ធ្វើឡើងទៅតាមការណែនាំរបស់ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដោយត្រូវដាំគម្លាតពីគ្នា៨ម៉ែត្រ និង ពីចិញ្ចើមផ្លូវពី៥ម៉ែត្រទៅជិត១០ម៉ែត្រទៅតាមសណ្ឋានផ្លូវ ខណៈដែលការដំានឹងប្រើរយៈពេលចាប់ពី១ខែទៅ២ខែ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំថ្មីៗ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានសម្រេចឱ្យអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកដាំ ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ហើយក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវសិក្សាឱ្យបានច្បាស់លាស់មុននឹងដាំដើមឈើទាំងនេះ ជាពិសេសទំហំ នៃគម្រោងពង្រីកផ្លូវ និងការដាក់ប្រព័ន្ធលូជាដើម ជៀសវាងមានបញ្ហាហើយ យើងកាប់ដើមឈើចោលវិញ គឺពិតជាគួរឱ្យស្តាយណាស់៕