អាជីវកម្មសេវាទេសចរណ៍ជាង៣០ភាគរយបានបើកដំណើរការឡើងវិញបន្ទាប់ពីផ្អាកមួយរយៈ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៣ ០៩ ២០២០


MC៖ក្រសួងទេសចរណ៍បានអះអាងថា អាជីវកម្មសេវាទេសចរណ៍ជាង៣០ ភាគរយបានបើកដំណើរការឡើងវិញបន្ទាប់ពីផ្អាកមួយរយៈ ខណៈដែលចលនាភ្ញៀវទេសចរផ្ទៃក្នុងមានការកើនឡើង ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពវិស័យទេសចរណ៍ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី៣ ខែកញ្ញានេះ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា នៅក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំនាពេលកន្លងមកនេះចលនាភ្ញៀវទេសចរផ្ទៃក្នុងមានការកើនឡើងជាង១លាន៤សែននាក់ បានធ្វើឱ្យអាជីវកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជាជាង ៣០ ភាគរយ ត្រូវបានបើកដំណើរការឡើងវិញ ដោយបានជួយសម្រួលដល់ជីវភាព និងការលំបាកនិយោជិត និងបុគ្គលិកកំពុងបម្រើការងារនៅក្នុងវិស័យនេះ។ ឯកឧត្តមបានឱ្យដឹងទៀតថា បើភ្ញៀវទេសចរផ្ទៃក្នុងមានការកើនឡើងខ្លាំងបែបនេះ វានឹងជំរុញឱ្យអាជីវកម្មទេសចរណ៍ដទៃទៀតបន្តបើកដំណើរការឡើងវិញផងដែរ។
សំឡេង« ឥឡូវនេះដោយសារចរន្តនៃទេសចរណ៍ផ្ទៃក្នុងជួយបើក៣០ភាគរយវិញនៅក្នុងចំណោម ៩០ភាគរយដែលបានបិទនិយាយជាលេខមូល មានន័យថា៣០ភាគរយបើកឡើងវិញ អ៊ីចឹងនៅសល់៦០ភាគរយទៀតដែលនៅកំពុងបន្តបិទ ។ ហើយក្រសួងកំពុងសិក្សាបន្តទៀតថា បើកម្លាំងទេសចរក្នុងស្រុកនេះមានសន្ទុះកាន់តែកើនឡើង សេវាកម្មទេសចរណ៍ចេះតែបើកបន្តវិញ ហើយអ្នកធ្វើការ និងត្រឡប់មកធ្វើការវិញ ។ ឥឡូវនេះគឺត្រឡប់មកវិញជាបណ្តើរៗអ្នកដែល៣០ភាគរយ បើសភាពការកាន់តែប្រសើរឡើងចំនួនការបើកឡើងវិញកាន់តែទៅមុខ »។
ឯកឧត្តមបន្តថា នៅពេលខាងមុខនេះបើជំងឺកូវីដ-១៩ មានវាក់សាំងប្រើប្រាស់យ៉ាងពិតប្រាកដ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិឡើងវិញ ដែលធ្វើឱ្យសកម្មភាពសេវាកម្មទេសចរណ៍មានដំណើរល្អប្រសើរឡើងវិញផងដែរ ។
ឯកឧត្តមបានអះអាងថា កាលពីពេលឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មីនាពេលកន្លងមកនេះ ក្រសួងបានវាយតម្លៃជាបឋមថា ការចំណាយនៅក្នុងវិស័យទេសចរណ៍ប្រមាណ ១០០ លានដុល្លារអាមេរិក ហើយរំពឹងថា នាពេលខាងមុខនេះ បើចលនាទេសចរណ៍ផ្ទៃក្នុងកាន់តែច្រើនឡើងបែបនេះ ចំណូលនឹងអាចកើនឡើងរហូតដល់ ៥០០ លានដុល្លារអាមេរិក ។
យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានបង្ហាញថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសចាប់ពី ថ្ងៃទី១៧ដល់២១ ខែសីហា ឆ្នាំ២០២០ មានចំនួនប្រមាណ ១.៤៥៩.៣៨៦ នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណ ១.៤៤៥.២៣៨ នាក់ និង ភ្ញៀវទេសចរអន្តរជាតិមានចំនួនប្រមាណ១៤.១៤៨ នាក់៕