អាជ្ញាធរខេត្តកំពង់ចាមបង្កើតក្រុមការងារដោះស្រាយបញ្ហារបស់អាជីវករនៅផ្សារព្រែកដំបូកឱ្យបានជោគជ័យក្នុងរយ:ពេល៣០ថ្ងៃ

វិទ្យុជាតិកម្ពុជា ហ៊ាង ចាន់ថា ខេត្តកំពង់ចាម

MC. ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម លូ គឹមឈុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះសូទិន រួមជាមួយនឹងមន្ត្រីពាក់ព័ន្ធនាព្រឹកថ្ងៃទី ០៣ ខែកញ្ញានេះបានរៀបចំវេទិកាសាធារណៈ ដើម្បីស្វែងរកដំណោះស្រាយជូនអាជីវករផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

លោក ផល វ៉ុន មេឃុំព្រែកដំបូកបានឱ្យដឹងថា ក្រោយពេលអាជ្ញាធរស្រុកបានរៀបចំទីតាំងលក់ដូរថ្មី កែលម្អសណ្តាប់ធ្នាប់ផ្សារព្រែកដំបូកឡើងវិញប្រមាណជា២ខែកន្លងទៅនេះ ឃើញថា បញ្ហាទីតាំងលក់ដូររបស់អាជីវករប្រមាណជាជាង ១០០នាក់ មានភាពចម្រូងចម្រាស់ រហូតដល់បច្ចុប្បន្ន ។ ក្នុងនោះមានអាជីវករមួយចំនួនឯកភាពទទួលយកទីតាំងថ្មី និងមួយចំនួនទៀតមិនព្រមទទួលយកទីតាំងថ្មីឡើយ ។

ក្រោយពីស្ដាប់មតិយោបល់របស់ក្រុមអាជីវករ ឯកឧត្តម អ៊ិន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានសន្មត់ថា បញ្ហានេះមិនអាចដោះស្រាយបញ្ចប់ភ្លាមៗបានទេ ។

ឯកឧត្តមបានបន្តថា ដើម្បីធ្វើការដោះស្រាយបញ្ហានេះឱ្យបានជោគជ័យតាមនយោបាយឈ្នះឈ្នះ ឯកឧត្តមបានសម្រេចដកហូតតូបចំនួន២៥ ដែលនៅសល់ប្រគល់ឱ្យប្រធានគណៈកម្មការផ្សារ គ្រប់គ្រងដើម្បីទុកប្រើប្រាស់ជាប្រយោជន៍ផ្សារព្រែកដំបូក និងបង្កើតក្រុមការងារចម្រុះរបស់ខេត្តមួយ ដោយចាត់តាំងអភិបាលរងខេត្ត ដឹកនាំក្រុមការងារដើម្បីដោះស្រាយបញ្ហានេះឱ្យបានជោគជ័យក្នុងរយៈពេល ៣០ ថ្ងៃទៀត ៕