ក្រសួងអប់រំជំរុញមន្ទីរអប់រំរាជធានីខេត្តទាំងអស់ ត្រូវវាស់កម្ដៅ និងផ្ដល់វិញ្ញាបនបត្របញ្ជាក់សុខភាពដល់បេក្ខជន មុនដំណើរការប្រឡងបាក់ឌុប

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ០៣,០៩,២០២០

MC៖ ក្រសួងអប់រំ តម្រូវឲ្យមន្ទីរអប់រំរាជធានីខេត្តទាំងអស់ ត្រូវវាស់កម្ដៅ និងផ្ដល់វិញ្ញាបនបត្របញ្ជាក់សុខភាពដល់បេក្ខជន មុនដំណើរការប្រឡង ដើម្បីធានាសុខ សុវត្ថិភាពសិស្សានុសិស្ស ពីការចម្លងវីរុសកូវីដ១៩ ។
យោងតាមសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជននិងកីឡា ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានណែនាំ ដល់មន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តទាំងអស់ ត្រូវសហការឲ្យបានជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលរាជធានីខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដើម្បីវាស់កម្ដៅ និងផ្ដល់វិញ្ញាបនបត្របញ្ជាក់សុខភាពជូនដល់បេក្ខជន នៅក្នុងពេលដែលបេក្ខជនពិនិត្យមើលឈ្មោះមុនដំណើរការប្រឡងមួយថ្ងៃ។ លើសពីនេះទៀត ត្រូវរៀបចំក្នុងមួយមណ្ឌលប្រឡងតែ២០ទៅ២៥បន្ទប់ ដោយក្នុងមួយបន្ទប់ ដាក់បេក្ខជនប្រឡងតែ២៥នាក់ប៉ុណ្ណោះ ដើម្បីរក្សាគម្លាតការពារកុំឲ្យឆ្លងជំងឺកូវីដ១៩។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឲ្យមន្ទីរអប់រំទាំងអស់ ត្រូវត្រៀមរៀបចំបន្ទប់ចំនួនពីរ នៅក្នុងមណ្ឌលប្រឡងនីមួយៗ ដោយមួយបន្ទប់សម្រាប់ដាក់បេក្ខជន ដែលមានកម្តៅលើសពី៣៨អង្សាសេ និងមួយបន្ទប់ទៀតបំពាក់សម្ភារចាំបាច់សម្រាប់សង្គ្រោះបឋម ដល់បេក្ខជនប្រឡងមានបញ្ហាសុខភាពស្រាលៗ។ ចំពោះខេត្ត ដែលមានមណ្ឌលប្រឡងនៅតាមក្រុង ស្រុក ត្រូវរៀបចំច្រឡូកឈ្មោះបេក្ខជនតាមក្រុង ស្រុកដែលមានមណ្ឌលប្រឡង ហើយចំពោះខេត្តតូចមានបេក្ខជនតិច ត្រូវរៀបចំច្រឡូកឈ្មោះបេក្ខជនតាមអក្ខរក្រម នៅទូទាំងខេត្តតែម្តង ដោយកាត់យកតាមចំនួនបេក្ខជនកំណត់ក្នុងមណ្ឌលប្រឡងនីមួយៗ។
សូមបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)នៅថ្ងៃទី៣០ ខែវិច្ឆិកា និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នៅថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០ខាងមុខនេះ ដោយក្រសួងបានកំណត់ឲ្យសិស្សថ្នាក់ទី៩ និងទី១២ត្រូវចាប់ផ្តើមចូលរៀនឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅទូទាំងប្រទេស ហើយសាលារៀននីមួយៗត្រូវបង្រៀនសិស្សឲ្យចប់កម្មវិធីសិក្សានៅត្រឹមចុងខែវិច្ឆិកាឆ្នាំ២០២០ ដោយមិនមានការឈប់សម្រាកវិស្សមកាលធំឡើយ៕