ការប្រមូលផលស្រូវស្រែសង្គមក្នុងស្រុកបន្ទាយស្រីជុំទីមួយទទួលបានផលជាង១០០តោន

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប


MC៖ ការប្រមូលផលស្រូវរបស់គម្រោង«ស្រែសង្គម»ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី តាមការប៉ាន់ស្មាន នៅជុំទីមួយលើផ្ទៃដី៤០ហិកតា នឹងអាចទទួលបាន ផលស្រូវបានជាង១០០តោន ដើម្បីយកទៅឧបត្ថម្ភ និងជួយរំលែកការលំបាករបស់ ប្រជាពលរដ្ឋទីទ័លក្រនៅស្រុកនេះ ដែលរងផលប៉ះពាល់ជីវភាពពីជំងឺកូវីដ-១៩។
ថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានបង្ហាញថា ការប្រមូលស្រូវស្រែសង្គម នៅជុំទីមួយ តាមការប៉ាន់ស្មានក្នុងមួយហិកតាអាចប្រមូលផលបាន០៣តោន ហើយបរិមាណផលសរុបវិញប្រមាណជាង១០០តោន។ ចំពោះផលស្រូវ ដែលទទួលបាន ជំហានដំបូងត្រូវបែងចែក ជូនម្ចាស់ស្រែ ដែលបានផ្តល់ដីស្រែសម្រាប់ធ្វើការដាំដុះ ទៅតាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នាកាលពីកន្លងមក។ បន្ទាប់មករដ្ឋបាលស្រុកនិងធ្វើការកិនជាអង្ករទៅចែកជូនប្រជាជនគោលដៅនៅក្នុងស្រុកដែលមានជីវភាពក្រីក្រ ពិសេសប្រជាជនក្រីក្រ១ និងក្រីក្រ២។
លោកអភិបាលស្រុកបន្តទៀតថា ការធ្វើស្រែសង្គមនេះធ្វើឡើង ក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ជាពិសេសដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩តែម្តង។
សំឡេង៖ គោលបំណងធំគឺគោលបំណងសង្គម ដោយសារតែយើងកៀគររកធនធានដើម្បីជួយធ្វើស្រែយកស្រូវ ធ្វើជាអង្ករហើយយកអង្ករនេះទៅជួយអ្នកដែលក្រខ្សត់ ពិសេសអ្នកដែលទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ អ៊ីចឹងយើងធ្វើក្នុងគោលដៅសង្គមសុទ្ធ។
លោកអភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា លោកនឹងបន្តសម្របសម្រួលគម្រោងនេះសម្រាប់ជុំទីពីរទៀត ប្រសិនបើនៅតែទទួលបានការគាំទ្រ និងមានការចូលរួមឧបត្ថម្ភលើគម្រោងស្រែសង្គមនេះ ពីសំណាក់សប្បុរសជនបន្តទៀត។
សូមបញ្ជាក់ថា ស្រែសង្គម មានទីតាំងស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយ ចាប់ផ្ដើមអនុវត្តការដាំដុះនៅក្នុងអំឡុង ខែឧសភា ឆ្នាំ២០២០ ក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋបាលស្រុកបន្ទាយស្រី និងចូលរួមធ្វើការដាំដុះពីអាជ្ញាធរស្រុក-ឃុំ យុវជន និងប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី៕