សម្តេចចៅហ្វាមហាចក្រីសិរិនថងបន្តផ្តល់ជំនួយប្រយុទ្ធប្រឆំាងជម្ងឺគ្រុនឈាមនិងគ្រុនចាញ់នៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ីកនិកា


ភ្នំពេញ៖ សម្តេចចៅហ្វាមហាចក្រីសិរិនថងបន្តផ្តល់ជំនួយក្នុងវិស័យសុខាភិបាលដល់កម្ពុជា សម្រាប់កម្មវិធីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដើម្បីការពារសុខមាលភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ។
លោក ឆា លួយ មន្ត្រីទទួលបន្ទុកការងារសម្របសម្រួលប្រចាំប្រទេសថៃ មានប្រសាសន៍ថា លោកបានមកប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលប្រចាំនៅខេត្តមណ្ឌលគិរី សំដៅជួយដល់ពលរដ្ឋកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់ ដែលកំពុងរាតត្បាតនៅក្នុងតំបន់នោះ ។
លោក បានបញ្ជាក់ថា ជំងឺឆ្លងទាំងនេះ បានរាលដាលយ៉ាងឆាប់រហ័សតាមរយៈមូសខ្លា ដែលភាគច្រើនកើតទៅលើកុមារតូចៗ ហើយកើតច្រើននៅក្នុងរដូវភ្លៀងធ្លាក់។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺគ្រុនឈាមបានកើតទៅលើមនុស្សគ្រប់វ័យ។
លោកបានបន្ថែមថា បច្ចុប្បន្នប្រជាពលរដ្ឋស្ទើរតែទាំងអស់បានព្រួយបារម្ភតែជំងឺកូវីត-១៩ ប៉ុន្តែពួកគាត់ត្រូវតែចាំថា ពេលនេះជារដូវវស្សា ហើយមានភ្លៀងធ្លាក់ជោគជាំ ដែលបង្កភាពងាយស្រួលដល់មូសខ្លា ក្នុងការពងកូន ដែលជាមេរោគចម្លងជំងឺនេះ។

សំឡេង៖ «ក្នុងការអនុវត្តនេះ គឺមានទាំងពីការបណ្តុះបណ្តាលធនធានមនុស្ស មិនថាប្រជាជននិងអ្នកស័្មគ្រចិត្ត ឬមន្ត្រីសុខាភិបាលនិង ការផ្តល់សម្ភារ ក្នុងការខ្វះខាត ក៏ដូចជាអគារមណ្ឌលសុខភាពនិង អគារជំងឺគ្រុនចាញ់ ។ ថែមទាំងផ្តល់ទាំងសម្ភារ និងផ្តល់ការយល់ដឹង ក៏មានការយកខាងថ្នាក់ដឹកនាំឬមន្ត្រីដែលពាក់ព័ន្ធក្នុងវិស័យសុខាភិបាលទៅទស្សនកិច្ចសិក្សានៅប្រទេសថៃដែលជាគម្រោងព្រះអង្គម្ចាស់ក្សត្រីចក្រីសិរិនថង។ ក្នុងកិច្ចការងារកំចាត់ជំងឺគ្រុនចាញ់ ៣ឆ្នាំក្រោយមកបន្ថែម ជំងឺគ្រុនឈាមផងដែរ។ដូចច្នេះ ចាប់ផ្តើមមកផ្តល់ជំនួយក្នុងការទប់ស្កាត់ជំងឺគ្រុនចាញ់ ទទួលបានប្រសិទ្ធភាពច្រើន តាំងពីចាប់ផ្តើម២០០៧មក ជំងឺគ្រុនចាញ់មានសភាពធ្ងន់ធ្ងរខ្លាំង ចាប់ពីគម្រោងមក បានពិភាក្សាប្រតិបត្តិការ រវាងភាគីទាំងពីរនោះ ធ្វើឱ្យមានការកាត់បន្ថយ មិនធ្វើឱ្យមានប្រជាជនស្លាប់ និងធ្វើឱ្យជំងឺក៏មានការអត់ថយជាលំដាប់ »។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានអំពាវនាវដល់គ្រប់មន្ទីរសុខាភិបាលទាំង២៥រាជធានី-ខេត្ត ត្រូវជំរុញឱ្យមានកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យ និងដាក់ចេញនូវវិធានការនានា ព្រមទាំងជំរុញផ្សព្វផ្សាយសារអប់រំ ពីសុខភាពទប់ស្កាត់ការរាតត្បាតនៃជំងឺគ្រុនឈាមនេះ ឱ្យមានប្រសិទ្ធភាព៕