ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញឱ្យមន្រ្តីត្រូវផ្ដល់សេវាគ្រប់ប្រភេទ ដោយគោរពតាមពាក្យស្លោក ធ្វើឱ្យបាន ធ្វើឱ្យឆាប់ និងធ្វើឱ្យមានតម្លាភាព

វិទ្យុជាតិកម្ពុជា វ៉ែន សុវុទ្ធី ថ្ងៃ ៣ ខែកញ្ញា ឆ្នាំ២០២០


MC: ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យមន្ត្រីក្រោមឱវាទ បន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួង ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោក ធ្វើឱ្យបាន ធ្វើឱ្យឆាប់ និងធ្វើឱ្យមានតម្លាភាព ដើម្បីផ្ដល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការខេត្តឧត្ដរមានជ័យ ឯកឧត្តមទេសរដ្ឋមន្ត្រីណែនាំឱ្យមន្ត្រីក្រោមឱវាទត្រូវ ពង្រឹង និងកែលម្អការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទឱ្យកាន់តែប្រសើរថែមទៀត ។ ត្រូវបន្តអនុវត្តច្បាប់ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតក្នុងការទប់ស្កាត់ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ (បើខ្វះរថយន្តឆៀកចល័តត្រូវស្នើសុំ) គ្រប់គ្រងយានដ្ឋានជួសជុលកែច្នៃរថយន្ត និងការកែច្នៃយានយន្តខុសពីលក្ខណៈបច្ចេកទេសឱ្យបានជាដាច់ខាត។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបន្តថា គោលការណ៍សាងសង់ផ្លូវឱ្យបានរឹងមាំ ប្រើប្រាស់ជាប់បានយូរ ពោលគឺមិនមែនធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើងនោះឡើយ។ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតតាមរយៈការប្រើប្រាស់យន្តការចុះពិនិត្យឱ្យបានដិតដល់ ការបង្កើតក្រុមត្រួតពិនិត្យពិសេសតាមដានរាល់ការសាងសង់របស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដើម្បីឱ្យក្រុមហ៊ុនសាងសង់អនុវត្តឱ្យបានជាដាច់ខាតតាមលក្ខណៈ បច្ចេកទេស និងតាមកិច្ចសន្យា។
ឯកឧត្ដមទេសរដ្ឋមន្ត្រីលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងប្រជាពលរដ្ឋទាំងអស់ឱ្យតម្លើងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) នៅលើទូរសព្ទស្មាតហ្វូនហើយ ថតរូបភាពផ្លូវជង្ហុកសំបុកមាន់ផ្ញើទៅក្រុមការងារទទួលបន្ទុក ដើម្បីឱ្យក្រុមការងារបានជួសជុលទាន់ពេលវេលា ជៀសវាងការខូចរីករាលដាលកាន់តែធំ ចំណាយកាន់តែច្រើន៕