កម្ពុជាបន្ដកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី ដើម្បីទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៣ ០៩ ០២០


MC៖កម្ពុជាបន្ដកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី ដើម្បីទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងជំនួបពិភាក្សាការជាមួយ ឯកឧត្តម ANTHONY MAGUIRE នាយនគរបាលជាន់ខ្ពស់ នៃនគរបាល សហព័ន្ធអូស្ត្រាលី ដែលទើបមកបំពេញភារកិច្ចថ្មីនៅកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ មានប្រសាសន៍ថា កម្ពុជា និងអូស្ត្រាលី នឹងនៅតែបន្តកិច្ចសហប្រតិបត្តិល្អជាមួយគ្នា ក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា មានដូចជា អំពើជួញដូរគ្រឿងញៀនគ្រប់រូបភាព អំពើជួញដូរមនុស្ស និងអំពើរត់ពន្ធមនុស្សជាដើម បន្ទាប់ពីភាគីទាំងពីរទទួលបានជោគជ័យលើការងារនេះជាបន្តបន្ទាប់។
ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលី តាមរយ:ស្ថានទូតអូស្ត្រាលី និងនគរបាលសហព័ន្ធអូស្ត្រាលី ដែលតែងតែយកចិត្តទុកដាក់ផ្តល់ជាជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាលជំនាញពាក់ព័ន្ធនានា ដល់មន្ត្រីអន្តោប្រវេសន៍កម្ពុជា នាបណ្ដាឆ្នាំកន្លងមក ក្នុងភាពជាដៃគូកិច្ចសហប្រតិបត្តិការ លើការងារអន្តោប្រវេសន៍។
ជាមួយគ្នានេះ ឯកឧត្តម ANTHONY MAGUIRE បានថ្លែងអំណរគុណចំពោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក តាមរយ:កិច្ចសហប្រតិបត្តិការត្រីភាគី ដែលឱ្យឈ្មោះថា «Strikeforce Dragon» សំដៅបង្ការ និងទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា ដែលអាចបង្កហានិភ័យដល់សន្តិសុខជាតិនៃប្រទេសទាំងពីរ៕