សហរដ្ឋអាមេរិកនឹងបន្តកិច្ចពិភាក្សាជាមួយប្រទេសម៉ិកស៊ីកូ អំពីក្តីបារម្ភជុំវិញការនាំចូលស្បៀងអាហារ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០​ — ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា រដ្ឋបាលរបស់លោក ត្រាំ បានគូសបញ្ជាក់នូវផែនការដើម្បីជួយកសិករអាម៉េរិកមួយចំនួននៅក្នុងរដូវបន្លែផ្លែឈើដែលពួកគេរងផលប៉ះពាល់ពីការនាំចូលរបស់បរទេស ហើយនឹងឈានដល់កិច្ចពិភាក្សាជាមួយប្រទេសម៉ិកស៊ីកូអំពីការព្រួយបារម្ភនេះ។

សេចក្តីប្រកាសព័ត៌មាននោះបាននិយាយថា «USTR នឹងស្នើសុំគណៈកម្មការពាណិជ្ជកម្មអន្តរជាតិដើម្បីចាប់ផ្តើមការស៊ើបអង្កេតការការពារពិភពលោកផ្នែកទី ២០១ អំពីទំហំដែលការកើនឡើងនៃការនាំចូលផ្លែប៊្លូបឺរី ដែលបានបង្កឱ្យមានរបួសធ្ងន់ធ្ងរដល់អ្នកដាំផ្លែប្លូប៊ឺរី ក្នុងស្រុក»។

លើសពីនេះទៀត ការិយាល័យពាណិជ្ជកម្មនឹងស្វែងរកកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយរដ្ឋាភិបាលម៉ិកស៊ីកូក្នុងរយៈពេល ៩០ថ្ងៃខាងមុខ ដើម្បីដោះស្រាយកង្វល់របស់អាម៉េរិកទាក់ទងនឹងការនាំចូលផ្លែស្ត្របឺរី ផ្លែម្ទេស និងផលិតផលតាមរដូវកាលផ្សេងៗទៀតរបស់ម៉ិកស៊ីកូ។

សេចក្តីប្រកាសព័ត៌មាននេះបាននិយាយថា USTR នឹងធ្វើការជាមួយអ្នកផលិតអាម៉េរិកដើម្បីចាប់ ផ្តើមការស៊ើបអង្កេតដោយគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ ដើម្បីតាមដានស្ថានការណ៍ ហើយអាចនឹងដាក់ចេញនូវវិធានការការពារប្រសិនបើចាំបាច់នៅចុងឆ្នាំនេះ។

សេចក្តីប្រកាសនេះបាននិយាយបន្ថែមថា នាយកដ្ឋានពាណិជ្ជកម្មនឹងបង្កើតប៉ុស្តិ៍ផ្លូវការមួយដើម្បី  ផ្តល់ព័ត៌មានអំពីការឧបត្ថម្ភធនអយុត្តិធម៌សម្រាប់អ្នកផលិត និងអ្នកនាំចេញផ្លែឈើ និងបន្លែតាមរដូវកាល៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)