ទីក្រុងប៉េកាំងច្រានចោលរបាយការណ៍របស់សហរដ្ឋអាមេរិកដែលថា ប្រទេសចិនមាននុយក្លេអ៊ែរដែលមានក្បាលគ្រាប់ពីរ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០​ — មួយថ្ងៃមុននេះ ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានចេញរបាយការណ៍មួយដោយលើកឡើងថា ប្រទេសចិនកំពុងស្វែងរកការផលិតអាវុធ«នុយក្លេអ៊ែរ triad» ដែលជាប្រព័ន្ធអាវុធអាចបាញ់នៅលើដីគោក សមុទ្រ និងអាកាស។

កាលពីថ្ងៃពុធ ក្រសួងការបរទេសចិនបានច្រានចោលនូវរបាយការណ៍ថ្មីៗនេះរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកដែលថា ទីក្រុងប៉េកាំងត្រូវបានគេរំពឹងថា នឹងមាននុយក្លេអ៊ែរដែលមានចំនួនក្បាលគ្រាប់ទ្វេរដង។

លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា របាយការណ៍នេះពោរពេញទៅដោយភាពលំអៀង។

របាយការណ៍កាលពីថ្ងៃអង្គារបានលើកឡើងថា ប្រទេសចិនកំពុងផ្លាស់ប្តូរយុទ្ធសាស្រ្តអាវុធនុយក្លេអ៊ែររបស់ខ្លួនទៅរកការដាក់ឱ្យដំណើរការលឿនជាងមុន។

យោងតាមនាយកដ្ឋានការពារជាតិបានឱ្យដឹងថា ទីក្រុងប៉េកាំងកំពុងពង្រីកសារពើភ័ណ្ឌរបស់ខ្លួននូវពហុមុខងារ DF-26 ដែលជាប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលអាចបាញ់ចេញពីដីគោកដែលមានសមត្ថភាពផ្លាស់ប្តូរក្បាលគ្រាប់នុយក្លេអ៊ែរធម្មតា និងរហ័ស៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)