ប្រទេសម៉ាឡេស៊ីហាមឃាត់ពលរដ្ឋឥណ្ឌា ឥណ្ឌូណេស៊ី និងហ្វីលីពីនចូលទៅក្នុងប្រទេសខ្លួន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០​ — រដ្ឋមន្រ្តីជាន់ខ្ពស់ម៉ាឡេស៊ី លោក Ismail Sabri Yaakob បាននិយាយថា​ អ្នកកាន់លិខិតឆ្លងដែនរយៈពេលវែងមកពីប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងហ្វីលីពីន នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេស ម៉ាឡេស៊ីទេចាប់ពីថ្ងៃទី ៧ ខែកញ្ញា។

លោករដ្ឋមន្រ្តីរូបនេះបាននិយាយថា វិធានការណ៍នេះមានគោលបំណងរារាំងករណីនាំចូលនៃជំងឺ កូវីដ-១៩ ដែលនាំឱ្យមានការរីករាលដាលនៅក្នុងប្រទេស។

លោកបានកត់សម្គាល់ថា ប្រទេសទាំង ៣ ដែលបានរៀបរាប់ខាងលើ ត្រូវបានឃើញនូវការរីករាលដាលខ្លាំងនៃការឆ្លងជំងឺកូវីដ-១៩ ។

ការរឹតត្បិតនេះនឹងប៉ះពាល់ដល់អ្នកដែលមានឋានៈជាអ្នករស់នៅអចិន្រ្តៃយ៍ អ្នកចូលរួមកម្មវិធី «ម៉ាឡេស៊ីជាផ្ទះទី ២ របស់ខ្ញុំ» ជនបរទេសដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី នឹងធ្វើទស្សនកិច្ចអាជីពដែលកាន់លិខិតឆ្លងដែននោះ ប្តី ឬប្រពន្ធរបស់ពលរដ្ឋម៉ាឡេស៊ី និងក្រុមនិស្សិតជាដើម។

ប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍ករណីថ្មីនៃការឆ្លងជំងឺកូវីដ-១៩ ចំនួន ២.៧៥៥នាក់កាលពីថ្ងៃទី ១ ខែកញ្ញា ដែលធ្វើឱ្យចំនួនសរុបនៅក្នុងប្រទេសនេះមានដល់ទៅ ១៧៧.៥៧១នាក់។ លើសពីនេះទៀត អ្នកស្លាប់មានចំនួន ៨៨នាក់បន្ថែមទៀតនៅក្នុងថ្ងៃនោះ ដែលបានធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ៧.៥០៥នាក់ ដែលជាចំនួនខ្ពស់បំផុតនៅក្នុងតំបន់។

ទន្ទឹមនឹងនេះដែរ ប្រទេសហ្វីលីពីនមានករណីឆ្លងថ្មីចំនួន ៣.៤៨៣នាក់ និងមានអ្នកស្លាប់ចំនួន ៣៩នាក់កាលពីថ្ងៃទី១ ខែកញ្ញា ដែលបង្កើនចំនួនសរុបនៃករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះមានដល់ទៅ ២២៤.២៦៤នាក់ និងអ្នកស្លាប់សរុបចំនួន ៣.៥៩៧នាក់។ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូដឺតេ កាលពីថ្ងៃទី៣១ ខែសីហា បានពង្រីកការរឹតបន្តឹងនៅផ្នែកខ្លះនៃទីក្រុងម៉ានីល​ និងនៅជុំវិញទីក្រុងរយៈពេលមួយខែទៀត៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)