AIPA ជានិមិត្តរូបភាពជោគជ័យនៃសាមគ្គីភាពអាស៊ានក្នុងភាពចម្រុះ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០​ — ក្នុងរយៈពេលបួនទសវត្សចុងក្រោយនេះ សភាអន្តរសភាអាស៊ាន (AIPA) បានក្លាយជាគំរូអន្តរសភាដ៏លេចធ្លោជាងគេមួយនៅទ្វីបអាស៊ី និងជានិមិត្តរូបនៃសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងភាពរួបរួមគ្នានៅក្នុងភាពចម្រុះនៃសហគមន៍អាស៊ាន។

យោងតាមអតីតអនុប្រធានគណៈកម្មាធិការទំនាក់ទំនងក្រៅប្រទេសនៃរដ្ឋសភាវៀតណាម លោក Ngo Anh Dung បានឱ្យដឹងថា AIPA ដំបូងឡើយ គឺអង្គការអន្តរសភាអាស៊ាន (AIPO) ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៧៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលមានសមាជិក ៥ប្រទេស គឺឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។

ការបង្កើត AIPO មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាការចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការបង្កើតច្បាប់ ដើម្បីបង្កើនការយល់ដឹងអំពីគ្នាទៅវិញទៅមក មិត្តភាព សាមគ្គីភាព និងភាពរួបរួមគ្នាក្នុងចំណោមសមាជិក។

កាលពីឆ្នាំ ២០០៧ ស្ថាប័ននេះបានផ្លាស់ប្តូរឈ្មោះរបស់ខ្លួនមកជា AIPA វិញ ដែលជាស្ថាប័នបំពេញបន្ថែម និងកែសម្រួលធម្មនុញ្ញរបស់ខ្លួន ដោយបំពេញការរៀបចំជាលេខាធិការដ្ឋានដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា និងពង្រឹងការត្រួតពិនិត្យការអនុវត្តដំណោះស្រាយតាមរយៈយន្តការរាយការណ៍ប្រចាំឆ្នាំ។

ដោយអត្ថាធិប្បាយអំពីប្រសិទ្ធភាពរបស់ AIPA ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកសភាដើម្បីសម្រេចគោលដៅអាស៊ាន ជាពិសេសក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រធានគណៈកម្មាធិការទំនាក់ទំនងក្រៅប្រទេសនៃរដ្ឋសភាវៀតណាម លោក Nguyen Van Giau បាននិយាយថា រាល់សកម្មភាពទាំងអស់របស់រដ្ឋសភាមានជាប់ទាក់ទងនឹងរបៀបវារៈប្រចាំឆ្នាំរបស់អាស៊ាន។

លោកបាននិយាយថា សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានដែលផ្តោតសំខាន់ទៅលើបញ្ហានយោបាយពីសហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌ បានដើរ តួនាទីជាមូលដ្ឋានគ្រឹះសម្រាប់សកម្មភាពរបស់ AIPA។

លោកបានកត់សម្គាល់ថា សភាសមាជិក AIPA បានអមរដ្ឋាភិបាលរបស់សមាជិកអាស៊ានក្នុងការសម្រេចនូវសេចក្តីសម្រេច និងសេចក្តីប្រកាស nana ដែលបានអនុម័តដោយបណ្តាប្រទេសអាស៊ាន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)