ការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ានក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០​ — ក្រុមការងារនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ (ACCWG-PHE) បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ    កូវីដ-១៩ នៅក្នុងកិច្ចប្រជុំលើកទី ៣ របស់ខ្លួនដែលធ្វើឡើងក្នុងទម្រង់ជាសន្និសីទវីដេអូ។

គណៈប្រតិភូក៏បានផ្តោតការយកចិត្តទុកដាក់ទៅលើការរៀបចំសម្រាប់កិច្ចប្រជុំលើកទី២៧ នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ានដែលនឹងត្រូវធ្វើឡើងនៅក្នុងខែនេះផងដែរ។

ពួកគេបានគូសបញ្ជាក់អំពីការបង្កើតមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ និងវឌ្ឍនភាពក្នុងការបង្កើតឃ្លាំងផ្គត់ផ្គង់វេជ្ជសាស្ត្រក្នុងតំបន់ និងការកសាងនីតិវិធីប្រតិបត្តិការស្តង់ដារក្នុងគ្រាអាសន្នផ្នែកសុខភាពសាធារណៈ។

ដោយបង្ហាញអំពីការព្រួយបារម្ភរបស់ពួកគេ ចំពោះភាពស្មុគស្មាញនៃរលកថ្មីនៃជំងឺរាតត្បាតនេះនៅក្នុងតំបន់ និងក្នុងពិភពលោក គណៈប្រតិភូបានចែករំលែកទស្សនៈថា ការប្រយុទ្ធភាគច្រើនពឹងផ្អែកទៅលើ    វ៉ាក់សាំង និងការស្រាវជ្រាវថ្នាំ។

ពួកគេបានឯកភាពគ្នាក្នុងការកែសម្រួលបទប្បញ្ញត្តិនៃមូលនិធិឆ្លើយតបនឹងជំងឺកូវីដ-១៩ ​នេះ ដើម្បី    ផ្តល់ជំនួយងាយស្រួលសម្រាប់ប្រទេសនានា ក្នុងការចូលរួមវិភាគទាននៅក្នុងមូលនិធិនេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) នៅក្នុងកម្រិតផ្លូវការ និងអ្នកជំនាញ​ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងជាប្រធាន SOM អាស៊ាន – វៀតណាម លោក Nguyen Quoc Dung បានអំពាវនាវដល់បណ្តាប្រទេសនៅអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ឱ្យបន្តការសម្របសម្រួលរបស់ខ្លួនដើម្បីជំរុញការផ្តួចផ្តើមគំនិតស្តីពីការឆ្លើយតបនឹងជំងឺកូវីដ-១៩។

លោកបានជំរុញឱ្យមានការបំពេញនីតិវិធីឱ្យបានឆាប់រហ័ស ដើម្បីប្រកាសនូវការបង្កើតឃ្លាំងវេជ្ជសាស្រ្តនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៧ និងបំពេញនីតិវិធីប្រតិបត្តិស្តង់ដារក្នុង ទីភ្នាក់ងារសុខភាពសាធារណៈ ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)