ការបង្កបង្កើនផលស្រូវវស្សារបស់ប្រជាកសិករខេត្តបន្ទាយមានជ័យមានលក្ខណៈល្អប្រសើរជាងឆ្នាំមុនៗ

វិទ្យុជាតិកម្ពុជា៖ ស្រីផល 03,09,2020


MC៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបញ្ជាក់ថា ការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករក្នុងខេត្តនេះ គឺមានលក្ខណៈល្អប្រសើរជាងឆ្នាំមុនៗ ដែលអាចផ្គត់ផ្គង់តម្រូវការទីផ្សារ និងជីវភាពរស់នៅប្រចាំថ្ងៃ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម………….
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ស្រូវបានលូតលាស់ល្អនេះ ដោយសារតែមានភ្លៀងធ្លាក់គ្រប់គ្រាន់ ហើយកសិករទាំងអស់ប្រើប្រាស់គ្រឿងចក្រសម្រាប់ធ្វើ ជំនួសការប្រើកម្លាំងគោក្របី ដែលងាយស្រួល ឆាប់រហ័ស ផ្ទៃដីក៏បានច្រើនជាងមុន។
សំឡេង ៖« កត្តាសំខាន់គឺដោយសារតែកសិករទាំងអស់ហ្នឹង គាត់បានប្រើប្រាស់ដោយគ្រឿងចក្រ មិនប្រើកម្លាំងអូសទាញដោយសត្វគោក្របីទៀតទេ អ៊ីចឹងគាត់មានលទ្ធភាព នឹងអាចធ្វើបានច្រើន គាត់អាចភ្ជួររាស់ ហើយប្រើប្រាស់គ្រឿងចក្រច្រើន ហើយក្នុងនោះដែរយើងឃើញថាសព្វថ្ងៃនេះ ជីវភាពគាត់កាន់តែល្អប្រសើរឡើងវិញហើយ ផ្ទះហ្នឹង ឥឡូវនេះផ្ទះលែងមានស្បូវមានអីហើយ ចាប់ផ្ដើមមានផ្ទះស័ង្កសីមានអីហើយ ជីវភាពរបស់គាត់ធូរធារ ឥឡូវយើងមានភ្លើង មានទឹក និយាយទៅជីវភាពរបស់គាត់ បើប្រៀបធៀបទៅនឹងឆ្នាំបណ្ដាកន្លងមក យើងឃើញថាកាន់តែល្អឡើងៗ ហើយយើងឃើញ គាត់ប្រើប្រាស់គ្រឿងចក្រ ដូចជាត្រាក់ទ័រ ម៉ូតូអីហ្នឹងគឺមានសឹងតែគ្រប់ផ្ទះហើយ»។
លោកបានបន្តថា តាមផែនការ ការបង្កបង្កើនស្រូវរបស់ប្រជាកសិករនឹងធ្វើលើផ្ទៃដីសរុបជាង២៥ម៉ឺនហិកតា ឥឡូវសម្រេចបានច្រើនហើយ គឺមានកើនឡើងជាងឆ្នាំមុនៗផងដែរ ។
លោកបានបន្តទៀតថា ចំពោះប្រភេទស្រូវ ដែលប្រជាកសិករនិយមដាំដុះរួមមាន៖ ប្រភេទស្រូវស្រាលមិនប្រកាន់រដូវ(ពូជស្រូវសែនក្រអូប,ប្រភេទស្រូវER៥០៤,ប្រភេទOM៨៥) ចំណែកឯស្រូវកណ្តាល( ផ្ការំដួល ម្លិះ សុម៉ាលី) និងប្រភេទស្រូវធ្ងន់(នាងខុន ផ្កាខ្ញី)ជាដើម។
លោកប្រធានមន្ទីរកសិកម្ម ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ត្រូវឧស្សាហ៍ចុះទៅមើលស្រែ ជម្រះស្មៅ ដាក់ជីឱ្យបានគ្រប់គ្រាន់ ដើម្បីឆាប់ទទួលបានផល យកទៅលក់នៅលើទីផ្សារ៕