មនុស្ស៤នាក់បានស្លាប់ និង៧នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២ខែកញ្ញាឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
ភ្នំពេញ៖ មនុស្សចំនួន៤នាក់ស្លាប់ និងចំនួន៧ទៀតនាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ភាគច្រើននៃ គ្រោះថ្នាក់ទាំងនេះ កើតឡើងដោយសារបើកបរលើសល្បឿនកំណត់ និងមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា កាលពីថ្ងៃទី២ ខែកញ្ញា នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៨លើកបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន៤នាក់ និងរបួសចំនួន៧នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៣នាក់ និងរបួសស្រាលចំនួន៤នាក់ ។
របាយការណ៍បានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺបណ្ដាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ បត់មិនប្រយ័ត្ន និងស្រវឹងជាដើម ។
របាយការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ គឺបានបណ្ដាលឱ្យខូចខាត ម៉ូតូ ចំនួន៨គ្រឿង រថយន្តធុនតូច ៥គ្រឿង យានផ្សេងៗ ១គ្រឿង និងថ្មើរជើងម្នាក់។
ជុំវិញបញ្ហានេះ សមត្ថកិច្ចនគរបាល នៅបន្តក្រើនរំលឹកប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយត្រូវបើកបរប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពពេលបើកបររថយន្តពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ច្រាស់ទិសចរាចរណ៍កុំបើកបរក្នុងស្ថានភាពស្រវឹងដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕