រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយកម្មវិធីព័ត៌មានវិទ្យា

AKP កំពង់ឆ្នាំង ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២២០២០–

កាលពីថ្ងៃ១៥កើត ខែភទ្របទ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយកម្មវិធីព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញ-ចូលតែមួយ រាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួម ពីលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពនានាជុំវិញខេត្តជាច្រើននាក់ទៀត។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា វិស័យព័ត៌មានវិទ្យា ឬ កុំព្យូទ័រដើរតួសំខាន់ណាស់មិនថាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ទេ។ ថ្វីបើចំណេះដឹងផ្នែកព័ត៌ មានវិទ្យា ឬកុំព្យូទ័រមានសារៈសំខាន់ខ្ពស់សម្រាប់កិច្ចការរដ្ឋបាលទូទៅ និងការគ្រប់គ្រងជំនួញក្តី ក៏ខេត្តកំពង់ឆ្នាំងហាក់ដូចជាមានការបណ្តុះបណ្តាលពេញលេញ និងទូលំទូលាយលើមុខវិជ្ជានេះសម្រាប់មនុស្សជំនាន់ក្រោយ។

ឯកឧត្តមបានជំរុញឱ្យមន្ត្រីជំនាញ និងវិស័យអប់រំផ្នែកព័ត៌មានវិទ្យានៅតាមវិទ្យាល័យ នៅថ្នាក់ទី១១ និងថ្នាក់ទី១២ ដែលជាថ្នាក់សិក្សាចុងក្រោយរបស់សិស្សានុសិស្ស មុននឹងបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។ ក៏ប៉ុន្តែកម្មវិធីសិក្សានេះ ត្រូវផ្ដល់ឱ្យដល់វិទ្យាល័យដែលនៅដាច់ស្រយាល ឱ្យទទួលបានចំណេះដឹងគ្រប់មណ្ឌលសិក្សាតាមការកំណត់។

ឯកឧត្តមបានបន្ថែមទៀតថា មនុស្សរស់នៅពឹងផ្អែកលើអាយធី( I.T )ខ្លាំង រៀនក៏ពឹងលើបច្ចេកវិទ្យា ព្រោះចំណេះដឹងបានពីគ្រូបង្រៀនគឺមិនគ្រប់គ្រាន់ទេ។ ដូច្នេះយើងត្រូវការស្រាវជ្រាវបន្ថែមទៅលើអ៊ីនធឺណែត ដោយប្រើបច្ចេកវិទ្យា។ បើបច្ចេកវិទ្យាអត់រីកចម្រើន នោះការសិក្សាក៏អត់រីកចម្រើនដែរ។

ឯកឧត្តមបានអភិបាលបានបញ្ចាក់ទៀតថា សម្រាប់ខេត្តកំពង់ឆ្នាំង មន្ទីរអប់រំ យុវជន និងកីឡា ត្រូវតែបន្តលើកកម្ពស់ធនធានមនុស្សនៅក្នុងខេត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ ដើម្បីអាចប្រកួតប្រជែងបាន លុះត្រាតែនិស្សិតខ្មែរខ្លាំងខាងភាសា មានជំនាញច្បាស់លាស់ និងពូកែខាងទំនាក់ទំនង និងផ្នែកព័ត៌មានវិទ្យា ផងដែរ៕ ដោយ៖បៃ ស៊ីថុន