រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ មានតួនាទីយ៉ាងសំខាន់ក្នុងការទទួលខុសត្រូវ កំណើនតម្រូវការទឹក

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០–

រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញមានតួនាទីយ៉ាងសំខាន់ ក្នុងការទទួលខុសត្រូវនូវកំណើនតម្រូវការទឹក និងគម្រោងរៀបចំកម្មវិធីវិនិយោគរបស់ខ្លួន រួមមាន ការពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ផ្ទៃសេវាផ្គត់ផ្គង់ទឹក និងបណ្តាញចែកចាយទឹកដល់ខ្នងផ្ទះ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ ដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២០ នេះ អំពីសមត្ថភាពរោងចក្រផលិតទឹកស្អាតចំការមន និងប្រព័ន្ធចែកចាយទឹករាជធានីភ្នំពេញ ស្របតាមការរីកចំរើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ជាហេតុធ្វើឱ្យតម្រូវការទឹក មានការកើនឡើងយ៉ាងគំហុក ក្នុងនោះរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ មានតួនាទីយ៉ាងសំខាន់ក្នុងការទទួលខុសត្រូវនូវកំណើនតម្រូវការទឹក ដោយត្រូវរៀបចំកម្មវិធីវិនិយោគរបស់ខ្លួន ក្នុងនោះរួមមាន ការពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងផ្ទៃសេវាផ្គត់ផ្គង់ទឹកជាដើម ។

ជុំវិញគម្រោងស្តារឡើងវិញ និងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមននេះ គឺជាគម្រោងដំបូង របស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ដែលបានអនុវត្តទៅតាមផែនការមេដំណាក់កាលទី៣ ឆ្នាំ២០១៦ ដល់ ឆ្នាំ២០៣០ ដែលគម្រោងនេះបានចាប់ផ្តើមអនុវត្តក្នុងខែកញ្ញា ឆ្នាំ២០១៧ ។ ជុំវិញផែនការមេដំណាក់កាលទី៣ នេះ គឺជា សហហិរញ្ញប្បទានរវាង រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងរដ្ឋាភិបាលបារាំង ក្នុងគោលបំណងជួយដល់ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ក្នុងការបង្កើនសមត្ថភាពផលិតរបស់ខ្លួនឱ្យកើនដល់ ១ លានម៉ែត្រគូប/ ថ្ងៃ នាឆ្នាំ២០២៥ ថែមទាំងពង្រីកផ្ទៃសេវា និងសំដៅធ្វើយ៉ាងណារក្សានូវកំរិតផ្គត់ផ្គង់ប្រកបដោយសមត្ថភាពខ្ពស់ ក្នុងក្របខណ្ឌទឹកមានគុណភាពស្អាត និងមានអត្រាទឹកបាត់បង់ឱ្យមានកម្រិតទាប។

សូមបញ្ជាក់ថា៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៦៦ និងបានពង្រីកសមត្ថភាពរបស់ខ្លួន នៅចន្លោះឆ្នាំ១៩៩៥-១៩៩៧ ។ ប្រភពទឹករបស់រោងចក្រនេះ គឺយកពីទន្លេបាសាក់ និងបញ្ជូនបន្តទៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតែម្តង ដែលមានទីតាំងស្ថិតនៅខាងក្រោយក្រសួងមហាផ្ទៃ ។ ប្រព័ន្ធកម្លាតទឹកមានដូចជាអាងច្រោះ និងអាងរង ក្នុងការសម្អាតទឹក ដោយធ្វើការបូមបញ្ចូនទឹកស្អាត ទៅតាមបណ្តាញចែកចាយ ។ ទោះបីជារោងចក្រប្រព្រឹត្តកម្មនេះ មានសមត្ថភាពផលិត ២ម៉ឺនម៉ែត្រគូប/ ថ្ងៃ ប៉ុន្តែការផលិតជាក់ស្តែងទាបជាងដោយសារការធ្លាក់ចុះនូវសមត្ថភាពរបស់ស្ថានីយ៍បូមទឹក។ ចំពោះគោលបំណងរបស់គម្រោងនេះ គឺបង្កើនសមត្ថភាពផលិតពី ២ម៉ឺនម៉ែត្រគូបថ្ងៃ រហូតដល់ ៥២ពាន់ម៉ែត្រគូបថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការរចនាសំណង់ ហើយបច្ចេកវិទ្យាទំនើបនោះ ក៏បានជួយធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងគុណភាពទឹក ព្រមទាំងជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីតាមរយៈការប្រើប្រាស់ប្រព័ន្ធស្វយ័តប្រវត្តិ និងឧបករណ៍ទាន់សម័យ។

ពាក់ព័ន្ធហិរញ្ញប្បទានគម្រោង, ហិរញ្ញប្បទានគម្រោងនេះ គឺបានមកពីការចូលរួមហិរញ្ញប្បទានពីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ដែលមានទឹកប្រាក់សរុបចំនួន ៣០ លានអឺរ៉ូ ស្មើនឹង ៧៥ភាគរយនៃគម្រោងទាំងអស់ គឺយកចំណាយទៅលើថ្លៃសាងសង់ព្រមទាំងការងារពង្រីកនូវប្រព័ន្ធចែកចាយទឹក សម្រាប់រយៈពេល២ឆ្នាំ (២០១៧- ២០១៩) ក្នុងនោះចំពោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានចូលរួមចំណែកនូវថវិកាបដិភាគរបស់ខ្លួន ចំនួន ២៥ភាគរយទៅលើការងារសាងសង់នេះផងដែរ៕ ដោយ៖ គង់ សិរីរ័ត្ន