ក្រសួងការងារប្ដេជ្ញាបង្កើតការងារសមរម្យដល់យុវជនដែលងាយរងគ្រោះ ពេលជួបវិបត្តិកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖លោក ជួន បូណា
ភ្នំពេញ៖ក្រសួងការងារប្ដេជ្ញាបង្កើតការងារសមរម្យដល់យុវជនងាយរងគ្រោះ និងបាត់បង់ឱកាសការងារពេលជួប​វិបត្តិកូវីដ​-១៩ ដើម្បីឱ្យពួកគេអាចរកប្រាក់ចំណូលប្រកបដោយចីរភាព ។ថ្លែងក្នុងកិច្ចប្រជុំលើកទីមួយនៃគណៈប្រឹក្សាភិបាលនៃកម្មវិធី”មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY)ដំណាក់កាលទី២”សម្រាប់ឆ្នាំ២០២០-២០២៣ នាព្រឹកថ្ងៃទី២ ខែកញ្ញានេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថារាជរដ្ឋាភិបាល នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្ពោះទៅសម្រេចឱ្យបានជាអតិបរិមា​នូវកម្មវិធី​​“មុខរបរ​​និងការងារសមរម្យ​​របស់យុវជននៅកម្ពុជា ដំណាក់កាលទី២” តាមរយៈការផ្តល់នូវការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាការផ្តល់នូវ​​ជំនាញ​​សហគ្រិន និងការបង្កើតអាជីវកម្មជាដើម។
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា និងជាសហប្រធាន​​ក្នុង​​កិច្ចប្រជុំនេះ បានលើកឡើងថា “ដោយសារតែជំងឺកូវីដ១៩នេះ បានធ្វើឱ្យប្រជាពលរដ្ឋបាន​​បាត់បង់ការងារធ្វើជាច្រើន ពិសេសស្ត្រី កំពុងប្រឈមនឹងហានិភ័យបាត់បង់ការងារខ្ពស់”។

វាគឺជាឱកាសសម្រាប់កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជនក្នុងដំណាក់កាលទី២ ដែលអាចជំនួសបាន​​នូវបញ្ហាប្រឈម​នេះកាន់តែប្រសើរ។
គួររំលឹកផងដែរថា កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២នេះ ត្រូវបានរៀបចំបន្ត​​ពីជំហាន​​ទី១ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួន។ កម្មវិធីនេះ មានគោលបំណងគាំទ្រយុវជនវ័យក្មេង ទាំងបុរស និងស្រ្តីនៅកម្ពុជា ក្នុងការទទួលបានឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពបន្ថែមទៀត ដោយធានាថា ពួកគេអាចបំពេញតាមតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនជាស្រេចសម្រាប់ការងារប្រកបដោយគុណភាព៕