កម្ពុជា-កូរ៉េខាងជើងប្តេជ្ញាបង្កើនកិច្ចសហការជាមួយគ្នាលើវិស័យព័ត៌មានឱ្យកាន់តែល្អ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
ភ្នំពេញ៖ កម្ពុជា-កូរ៉េខាងជើងប្តេជ្ញាបង្កើនកិច្ចសហការជាមួយគ្នាលើវិស័យព័ត៌មានដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ លើវិស័យព័ត៌មាន នៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និទបន្ថែមទៀត។

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌​​មាននាថ្ងៃទី០២ ខែកញ្ញានេះ នៅទីស្តីក្រសួងព័ត៌មាន ឯកឧត្តម Jan Yun Gon ឯកអគ្គរដ្ឋទូតសាធារណរ​ដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំនៅកម្ពុជា បាន​អរគុណចំពោះក្រសួង​ព័ត៌មាន​​កម្ពុជា ដែលតែងតែ​​បានផ្សព្វផ្សាយ​នូវព័ត៌មានពិត ពីប្រទេសកូរ៉េខាងជើង ហើយសង្ឃឹមថា ការងារផ្សព្វផ្សាយនេះ​​នៅតែមាន​ដំណើរកាទៅមុខបន្ថែមទៀត។

ឯកឧត្តមបន្តថា កាលពីឆ្នាំ១៩៩៤ មានការចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហការគ្នា លើវិស័យព័ត៌មាន​រវាងប្រទេសទាំងពីរម្តងរួចហើយតែវាមានរយៈពេលយូមកហើយ ។ ដូចច្នេះខាងគណៈកម្មាធិការព័ត៌មាន កូរ៉េខាង​ជើងចង់រៀបចំឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈថ្មីមួយឡើងវិញ ដើម្បីធ្វើឱ្យរាល់ការទំនាក់ទំនង និងកិច្ច​​សហប្រតិ​បត្តិការលើវិស័យព័ត៌មាន នៃប្រទេសទាំងពីរ កាន់ តែមានភាពជិតស្និតបន្ថែមទៀត ហើយអ្វី​ដែលសំខាន់​នោះ ​គឺការផ្លាស់ប្តូរទស្សនៈកិច្ចគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងព័ត៌មាន​​នៃប្រទេស​​ទាំងពីរ ។
ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធបញ្ជាក់ថា ទោះបីអនុស្សរណៈ នៃ កិច្ចសហការលើវិស័យព័ត៌មាន រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ មានរយៈពេលយូរមកហើយក៏ដោយ តែចំណងមិត្ត​ភាព និងកិច្ចសហការល្អ រវាងប្រទសទំាងពីរ ក៏ដូចកិច្ចការងារព័ត៌មាន នៅតែដដែល។ ចំពោះការចង់ឱ្យមានការចុះ អនុស្សរណៈជាមួយគ្នាជាថ្មីម្តងទៀតនេះ ឯកឧត្តមបញ្ជាក់ថា ចាំដល់ពេលជំងឺកូវីដ១៩ បញ្ចប់ទៅវិញសិន ។

ជាមួយគ្នានោះភាគីកូរ៉េខាងជើងអាចបញ្ជូន រូបភាព អត្ថបទ និងសេចក្តីថ្លែងការណ៍សំខាន់ៗ ដែលយល់ថា​​មានអត្ថប្រយោជន៍​ឱ្យប្រជាជនកម្ពុជាបានដឹង នោះក្រសួងព័ត៌មានកម្ពុជា នឹងជួយធ្វើការផ្សព្វផ្សាយជូន តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ។ ទន្ទឹមនេះ អត្ថបទ រូបភាព តំបន់ទេសចរណ៍ ដែលមានទេសភាព ស្រស់​ស្អាត ក៏ដូចជាប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់របស់កូរ៉េខាងជើង ដែលបានផ្តល់មក ក្រសួងព័ត៌មាន ក៏នឹងធ្វើការចុះផ្សាយប្រចាំខែនៅទស្សនាវដ្តីកម្ពុជា ផងដែរ។ ក្នុងនោះមិនត្រឹមតែជាទស្សនាវដ្តីបោះពុម្ពផ្សាយប៉ុ​​ណ្ណោះទេ តែបានផ្សាយតាមប្រព័ន្ធអនឡាញថែមទៀត៕