សហភាពអឺរ៉ុបនឹងបន្តដាក់ទណ្ឌកម្មទៅលើជនជាតិរុស្ស៊ីរយៈពេល ៦ខែទៀត

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃអង្គារ ប្រភពមួយនៃគណៈប្រតិភូក្នុងក្រុមប្រឹក្សាសហភាពអឺរ៉ុបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា សហភាពអឺរ៉ុបនឹងពន្យារការដាក់ទណ្ឌកម្មរបស់ខ្លួនទៅលើបុគ្គលជនជាតិរុស្ស៊ីដែលនឹងផុតកំណត់នៅថ្ងៃទី ១៥ ខែកញ្ញា សម្រាប់រយៈពេល ៦ខែទៀត។

លោកបាននិយាយថា «ការរឹតត្បឹតត្រូវបានគេរំពឹងថា នឹងត្រូវពន្យារពេលសម្រាប់រយៈពេល ៦ខែទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ»។

យោងតាមអ្នកការទូតបានឱ្យដឹងថា សេចក្តីសម្រេចខាងនយោបាយស្តីពីការពន្យារពេលនៃការដាក់ទណ្ឌកម្មនេះនឹងត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយក្នុងចំណោមការប្រជុំនានានាពេលខាងមុខ។ បន្ទាប់ពីនោះ វានឹងត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប ហើយត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិផ្លូវការនៃសហភាពអឺរ៉ុប។

នៅក្នុងឆ្នាំ ២០១៤ សហភាពអឺរ៉ុបបានចាប់ផ្តើមដាក់ទណ្ឌកម្មទៅលើជនជាតិរុស្ស៊ី និងអ៊ុយក្រែន ដែល«សកម្មភាពនេះធ្វើឱ្យប៉ះពាល់ដល់បូរណភាពទឹកដីអធិបតេយ្យភាពនិងឯករាជ្យភាពរបស់អ៊ុយក្រែន»។ បញ្ជីខ្មៅរបស់សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ននេះ រួមមានមនុស្សចំនួន ១៧៥នាក់ និងអង្គភាពចំនួន ៤៤ ដែលភាគច្រើនជាភ្នាក់ងាររដ្ឋ និងអង្គភាពយោធានៃសាធារណរដ្ឋដូណេត (Donetsk) ដែលប្រកាសដោយខ្លួនឯង និងសាធារណរដ្ឋប្រជាមតិ Lugansk ។ ទណ្ឌកម្មរបស់សហភាពអឺរ៉ុបទៅលើរុស្ស៊ីនេះ ក៏រួមបញ្ចូលទាំងការរឹតត្បឹតផ្នែកសេដ្ឋកិច្ច និងទណ្ឌកម្មដែលទាក់ទងនឹងតំបន់គ្រីមៀរផងដែរ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)