អាស៊ានរៀបចំកតិកាសញ្ញានៃការទទួលស្គាល់ទៅវិញទៅមក សម្រាប់រថយន្តនិងសម្ភារៈគ្រឿងសំណង់

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០​ — អាស៊ានគ្រោងនឹងចុះហត្ថលេខាលើកតិកាសញ្ញា ស្តីពីការរៀបចំការទទួលស្គាល់ទៅវិញទៅមក (MRAs) សម្រាប់រថយន្ត និងសម្ភារៈគ្រឿងសំណង់ នៅក្នុងខែកញ្ញានេះ ក្នុងគោលបំណងកាត់បន្ថយថ្លៃដើមផលិតកម្ម និងជំរុញពាណិជ្ជកម្មក្នុងចំណោមសមាជិកទាំងអស់។

អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ លោក Sansern Samalapa បាននិយាយថា បើទោះបីជាមានវិបត្ដិជំងឺកូវីដ-១៩ ក៏ដោយ ក៏រដ្ឋជាសមាជិកអាស៊ាននៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធទៅលើ MRAs សម្រាប់រថយន្ត និងគ្រឿងបន្លាស់ ក៏ដូចជាសម្ភារៈសំណង់។

លោកបាននិយាយថា នៅពេលដែលកតិកាសញ្ញានេះចូលជាធរមាន វានឹងជួយកាត់បន្ថយថ្លៃដើមផលិតកម្ម និងជួយសម្រួលដល់ការនាំចេញ នឹងនាំចូលផលិតផលរថយន្ត និងសម្ភារៈសំណង់ក្នុងចំណោមប្រទេសជាសមាជិក។

តាមរយៈ MRAs ផលិតផលដែលត្រូវបានសាកល្បង និងបញ្ជាក់មុនពេលនាំចេញ អាចយកចូលទៅក្នុងប្រទេសនាំចូលដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីវាយតម្លៃភាពស្របគ្នានៅគោលដៅ។

កាលពីមុន បណ្តាប្រទេសនៅអាស៊ានបានឯកភាពគ្នាទៅលើ MRAs សម្រាប់ផលិតផលអាហារ កែច្នៃ ផលិតផលអគ្គិសនី និងគ្រឿងអេឡិចត្រូនិច៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)