អ្នកឈ្នះរង្វាន់វិទ្យាសាស្ត្រអាស៊ាន – សហរដ្ឋអាមេរិកសម្រាប់ស្ត្រីឆ្នាំ ២០២០

AKP ភ្នំពេញថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០​ — លោកស្រីវេជ្ជបណ្ឌិត Chan Yoke Fun មកពីប្រទេសម៉ាឡេស៊ីត្រូវបានប្រកាសជាអ្នកឈ្នះរង្វាន់វិទ្យាសាស្ត្រអាស៊ាន – សហរដ្ឋអាមេរិកសម្រាប់ស្ត្រីឆ្នាំ ២០២០ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ២០.០០០ដុល្លារអាមេរិក។

រង្វាន់កិត្តិយសត្រូវបានប្រគល់ជូនលោកស្រីវេជ្ជបណ្ឌិត Shefaly Shorey ជនជាតិសិង្ហបុរី ដែលទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ៥.០០០ដុល្លារអាមេរិក។

ពានរង្វាន់នេះត្រូវបានប្រគល់ជូនដោយគណៈកម្មាធិការអាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត (COSTI) រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងអង្គការមិនរកប្រាក់ចំណេញ Underwriters Laboratories ។

លោកស្រីវេជ្ជបណ្ឌិត Chan ប្រធាននាយកដ្ឋានមីក្រូជីវសាស្រ្ត ផ្នែកវេជ្ជសាស្ត្រ នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យម៉ាឡាយ៉ា បានផ្តោតសំខាន់ទៅលើការស្រាវជ្រាវរបស់លោកស្រី អំពីការបង្កើតវ៉ាក់សាំងដើម្បីប្រឆាំងនឹងវីរុសដែលបណ្តាលឱ្យមានជំងឺដៃ ជើង និងមាត់ និងជំងឺឆ្លងខួរក្បាលទៅលើកុមារ។

លើសពីនេះទៀត លោកស្រីបានធ្វើការងារជាមួយអ្នកជំនាញក្នុងតំបន់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់ និងការការពារវីរុសនៅក្នុងសហគមន៍របស់លោកស្រី និងនៅកន្លែងផ្សេងៗទៀត។

លោកស្រីវេជ្ជបណ្ឌិត Shorey ដែលជាអ្នកជំនាញថែទាំដែលផ្តោតសំខាន់ទៅលើការស្រាវជ្រាវរបស់លោកស្រីអំពីការការពារការបាក់ទឹកចិត្តក្នុងអំឡុងពេលមានផ្ទៃពោះ និងភាពជាម្តាយ ដែលវាបានជះឥទ្ធិពលដល់អ្នកបង្កើតគោលនយោបាយ តាមរយៈការស្រាវជ្រាវរបស់លោកស្រី ដើម្បីផ្តល់ការគាំទ្រដល់សុខភាពមាតា និងទារកនៅក្នុងតំបន់។

អ្នកចូលរួមនៅក្នុងវគ្គផ្តាច់ព្រ័ត្រទាំងពីរនាក់នេះ ត្រូវបានជ្រើសរើសចេញពីក្រុមអ្នកចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រជាតិចំនួន ១០នាក់ ដែលម្នាក់ៗតំណាងឱ្យអ្នកវិទ្យាសាស្រ្តស្ត្រីលេចធ្លោរ ដែលធ្វើការនៅក្នុងវិស័យថែទាំសុខភាពដែលជាប្រធានបទសម្រាប់រង្វាន់ប្រចាំឆ្នាំនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)