សេដ្ឋកិច្ចប្រទេសថៃមានភាពប្រសើរឡើងនៅក្នុងខែកក្កដា

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០​ — យោងតាមធនាគារថៃ (BoT) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃមានភាពប្រសើរឡើងនៅក្នុងខែកក្កដា ដោយសារការចំណាយសាធារណៈ និងការបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺឆ្លងមេរោគកូរ៉ូណា វីរុស។

ការប្រើប្រាស់ឯកជននៅខែកក្កដា បានកើនឡើង ២,៧ភាគរយពីខែមិថុនា ខណៈដែលការនាំចេញប្រចាំឆ្នាំបានថយចុះតិចជាងមុនដែលមានចំនួន ១១,៩ភាគរយ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានដកស្រង់សម្តីរបស់លោក Don Nakornthab នាយកនៃធនាគារកណ្តាលដែលបាននិយាយកាលពីថ្ងៃទី៣១ ខែសីហា ថា «រង់ចាំមើលទៅ វានៅតែមានភាពមិនប្រាកដប្រជាខ្ពស់នៅឡើយទេ»។

លោកបាននិយាយថា ភាពមិនប្រាកដប្រជាបំផុត គឺចំនួនភ្ញៀវទេសចរបរទេសដែលអាចមិនដូចទៅនឹងការព្យាករណ៍របស់ធនាគារកណ្តាលដែលមានចំនួន ៨លាននាក់។ លោកបានកត់សម្គាល់ថា ប្រទេសថៃអាចទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦,៧លាននាក់នៅក្នុងឆ្នាំនេះ មានន័យថា មានភ្ញៀវទេសចរ ១,៣លាននាក់តិចជាងការព្យាករណ៍របស់ធនាគារថៃ ដែលធ្វើឱ្យប៉ះពាល់ដល់ GDP ចំនួន ០,៥ភាគរយ។

ប្រទេសដែលពឹងផ្អែកទៅលើវិស័យទេសចរណ៍មួយនេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៦៩លាននាក់នៅក្នុងខែមករា – មីនា ប៉ុន្តែការចូលទស្សនានេះត្រូវបានបញ្ចប់នៅថ្ងៃទី៤ ខែមេសា នៅពេលដែលប្រទេសថៃ បានដាក់បម្រាមទៅលើអ្នកទេសចរបរទេសមិនឱ្យចូល ដើម្បីការពារការឆ្លងមេរោគ កូរ៉ូណាវីរុស។

ចំនួននេះធៀបទៅនឹងកំណត់ត្រាកាលពីឆ្នាំមុនដែលមានចំនួន ៣៩,៨លាននាក់ ដែលបានចំណាយប្រហែល ១១,៤ភាគរយនៃផលិតផលក្នុងស្រុកសរុប៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)