ថៃសង្ឃឹមថា កិច្ចព្រមព្រៀង RCEP នឹងជួយពន្លឿនការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០​ — អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ លោក Sansern Samalapa បាននិយាយថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នឹងជួយជំរុញទំនុកចិត្តនៅក្នុងវិស័យអាជីវកម្ម និងលើកកម្ពស់ពាណិជ្ជកម្មពហុភាគី  ខណៈដែលបង្ហាញនូវទំនុកចិត្តថា កិច្ចព្រមព្រៀងនេះនឹងជួយពន្លឿនការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។

នៅថ្ងៃទី ៣០ ខែសីហា បណ្តារដ្ឋមន្រ្តីមកពីប្រទេសដែលចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀង RCEP នេះនៅក្នុងខែវិច្ឆិកា ហើយបាននិយាយថា ពួកគេនឹងអញ្ជើញប្រទេសឥណ្ឌាឱ្យចូលរួមនៅលើតុចរចាឡើងវិញ។

ពួកគេបានឯកភាពគ្នាថា ទីផ្សារក្នុងតំបន់ចាំបាច់ត្រូវបើកចំហបន្ថែមទៀតដើម្បីសម្រួលដល់លំហូរទំនិញ និងសេវាកម្មចាំបាច់នានា។

កិច្ចព្រមព្រៀង RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយក្នុងចំណោមរដ្ឋជាសមាជិកទាំង ១០ របស់អាស៊ាន និងដៃគូចំនួន ៥ គឺអូស្រ្តាលី ចិន ជប៉ុន នូវែលហ្សេឡង់ និងសាធារណរដ្ឋកូរ៉េ។ ឥណ្ឌាបានដកខ្លួនចេញពីកិច្ចពិភាក្សាកាលពីក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ ។

កិច្ចព្រមព្រៀង RCEP មានប្រជាជនប្រមាណជិត ៣,៦ប៊ីលាននាក់ ឬស្មើនឹង ៤៨,១ភាគរយនៃចំនួនប្រជាជនសរុបក្នុងពិភពលោក។ នៅក្នុងឆ្នាំ ២០១៩ ផលិតផលក្នុងស្រុកសរុបនៃការរួមបញ្ចូលគ្នារបស់ក្រុមនេះមានតម្លៃជាង ២៨,៥ប៊ីពាន់លានដុល្លារអាមេរិក ឬប្រហែល ៣២,៧ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

តម្លៃពាណិជ្ជកម្មរបស់ប្រទេសថៃជាមួយបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង RCEP បច្ចុប្បន្នមានតម្លៃ ២៨០ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៥៩.៥ភាគរយនៃតម្លៃពាណិជ្ជកម្មសរុបរបស់ប្រទេសនេះ។

ប្រទេសថៃនាំចេញទំនិញដែលមានតម្លៃជាង ១៤០ប៊ីលានដុល្លារអាមេរិកទៅកាន់ប្រទេសជាសមា  ជិកចំនួន ១៥ ឬស្មើនឹង ៥៧ភាគរយនៃការនាំចេញសរុបរបស់ខ្លួន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)