អំឡុងពេលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខនេះ គ្រប់វត្តអារាមនៅរាធានីភ្នំពេញត្រៀមលក្ខណៈអនុវត្តនូវ វិធានការទប់ស្កាត់កូវីដ-១៩ឱ្យមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អ៊ូ​ កាណែល​

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក អ៊ូកាណែល

MC៖អំឡុងពេលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខនេះ គ្រប់វត្តអារាមនៅរាធានីភ្នំពេញត្រៀមលក្ខណៈអនុវត្តនូវ វិធានការទប់ស្កាត់កូវីដ-១៩ឱ្យមានប្រសិទ្ធភាព តាមរយៈការបាញ់ថ្នាំសម្លាប់មេរោគ នៅជុំវិញបរិវេណវត្ត និងតម្លើងរោងបុណ្យឱ្យបានធំជាងឆ្នាំមុនៗព្រមទាំងរៀបចំកន្លែងដាក់ទឹកអាកុលសម្រាប់ពុទ្ធបរិស័ទ បានលាងដៃសម្អាតមេរោគ។

 

ព្រះគ្រូចៅអធិការវត្ត ជាច្រើនបានលើកឡើងនូវថេរដីកាថា នៅកន្លែងរៀបចំកម្មវិធីពូនភ្នំខ្សាច់ កន្លែងបោះបាយបិណ្ឌ និងកន្លែងប្រគេនចង្ហាន់សុទ្ធតែដាក់ទឹកអាល់កុល ទុកឱ្យពុទ្ធបរិស័ទលាងដៃ។ មិនត្រឹមតែប៉ុណ្ណោះវត្តខ្លះបានត្រៀមមេក្រូ សម្រាប់ចាក់សាអប់រំពីវិធានការការពារកូវីដ-១៩។

សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន គតិបណ្ឌិតទស្សនៈវិជ្ជា គង់នៅវត្តសំរោងអណ្តែត មានការព្រួយបារម្ភជុំវិញ បញ្ហាជំងឺកូវីដ-១៩ ខណៈសម្តេចគិតថា នឹងមានពុទ្ធបរិស័កមកចូលរួមកម្មវិធីបុណ្យកាន់បិណ្ឌ​ច្រើនដែល​ត្រូវធ្វើនៅពេលនេះ។ 

ចំណែកព្រះបវរបញ្ញាញាណ ថៃ ប៊ុនធឿន ចៅអធិការវត្ត ចង្ក្រានតាព្រហ្មស្ទឹងមានជ័យវិញ បានមានសង្ឃដីកាថា  សម្រាប់វត្តព្រះតេជគុណ មានរៀបចំកន្លែងប្រគេនចង្ហាន់ ព្រះសង្ឃ ដោយរក្សាគម្លាតយ៉ាងតិច១ម៉ែត្រកន្លះ  ការពង្រឹងអនាម័យ នាឱកាសបុណ្យកាន់បិណ្ឌនេះជាដើម។ 

ជាមួយគ្នានោះ ព្រះគ្រូចៅអធិការវត្តទួលទំពួង បានមានសង្ឃដីកាថា ព្រះតេគុណ និងគណៈកម្មការអាចារ្យ​វត្តបានរៀបចំតម្លើងរោងក្នុងកម្មវិធីបុណ្យធំជាងមុន សម្រាប់ទទួលពុទ្ធបរិស័ទ ដើម្បីកុំឱ្យមានការនៅកៀកគ្នាពេក ។

 សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវតាមរយៈសង្ឃប្រកាសឱ្យពុទ្ធបរិស័ទ និងព្រះសង្ឃគ្រប់វត្តអារាមទូទាំងប្រទេសត្រូវប្រុងប្រយ័ត្នការពារខ្លួន ពីជំងឺកូវីដ១៩ឱ្យកាន់តែមានប្រសិទ្ធភាព  ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីថ្ងៃ១រោចដល់១៥រោច ខែភទ្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ៕