ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌមានអត្ថន័យជ្រាលជ្រៅក្នុងសង្គមខ្មែរតាំងពីសម័យបុរាណ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០២ ០៩ ២០២០

MC៖ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌមានអត្ថន័យជ្រាលជ្រៅក្នុងសង្គមខ្មែរ​តាំង​ពី​បុរាណ​កាល​មក​ ហើយ​ពិធី​នេះបាន ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជនដែលបានចែកឋានទៅកាន់បរលោក មានឪពុក ម្តាយ ជីដូន ជីតាជាដើម និងបុព្វបុរសដែលបានពលីជីវិតដើម្បីប្រទេសជាតិ ។

អ្នកយកព័ត៌មានយើងធ្វើសេចក្ដីរាយការណ៍បន្ថែម ៖ …..

ឯកឧត្តម ញាណ ភឿន រដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌដែលមានអត្ថន័យក្នុងព្រះពុទ្ធសាសនានេះ ជាពិធីបុណ្យឧទ្ទិសដល់បុព្វការីជនដែលបានចែកឋានទៅមិនដឹងទៅកើតជាអ្វី ។ ឯកឧត្តមបន្តទៀតថា ពិធីបុណ្យនេះក៏ជាពិធីមួយ ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនអាចចេញទៅនិមន្តបិណ្ឌបាតនៅខាងក្រៅបាន ដោយពីមុនគេប្រារព្ធឡើងមានរយៈពេល៣ខែ តែបច្ចុប្បន្ននេះពិធីបុណ្យនេះបានផ្លាស់ប្តូរមកត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះ ។ ឯកឧត្តមបានឱ្យដឹងបន្ថែមថា នៅក្នុងពិធីបុណ្យនេះក៏មានជំនឿទាក់ទិននឹងការពូនភ្នំខ្សាច់ ដែលខ្មែរយើងទូទៅយល់ថា ជាការឧទ្ទិសកុសលមួយជូនដល់បុព្វការីជនទាំងឡាយដែលបានលាចាកលោក ឬដើម្បីលុបលាងនៅអំពើបាបកំហុស ដែលធ្លាប់បានប្រព្រឹត្តិផងដែរ។

សំឡេង«អ៊ីចឹងបុណ្យទានទាំងឡាយដែលយើងធ្វើ យើងមិនមែនចេះតែធ្វើទេគឺធ្វើត្រូវស្វែងយល់ទៅតាមមាគ៌ានៃព្រះពុទ្ធសាសនា មួយទៀតនៅក្នុងនឹងដែរ ដែលយើងធ្វើន័យនេះ ដើម្បីផ្សាយពីផលបុណ្យទៅដល់ពួកប្រេត គេហៅពួកប្រេតជន គឺជាជនដែលស្លាប់ទៅ ហើយនៅក្នុងនោះមានទី១នរក ទី២ប្រេត ទី៣ តិរច្ឆាន ទី៤ អាសូរកាយ » ។

ឯកឧត្តមបានបន្ថែមថា ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះពពួកប្រេតអាចមានឱកាសច្រើនក្នុងការស្វែងរក ចំណីអាហារ ជាងរដូវផ្សេងៗ។ ម្យ៉ាងវិញទៀតនៅក្នុងវស្សារដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ កំហាក សាកសព និងកាកសំណល់អសោចិ៍ សម្បូរនៅក្នុងខែភ្លៀងនេះ ។

ឯកឧត្តមបានបន្ថែមថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួកប្រេតជនទាំងអស់នោះដើរស្វែងរកញាតិចំនួន៧វត្តនៅតែមិនឃើញនោះ ពពួកប្រេតទាំងអស់នោះនឹងស្រែកយំដើរទន្ទ្រាមជើង ព្រោះតែខកបំណង និងភាពស្រេកឃ្លានក្រហល់ក្រហាយក្នុងចិត្ត ជាពិសេសពពួកប្រេតជនទាំងអស់នោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។

ឯកឧត្តមបានបន្ថែមទៀតថា នៅក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ក៏មានការបោះបាយបិណ្ឌនៅវេលាព្រឹកព្រលឹម ម៉ោង៤ជិតភ្លឺ ដែលមានជំនឿថា ដើម្បីឧទ្ទិសកុសលឱ្យទៅញាតិសណ្ដានសាច់សាលោហិតដែលបានចែកឋានទៅបរលោក និងវិញ្ញាណទាំងឡាយណាដែលគ្មានសាច់ញាតិ ឧទ្ទិសកុសលឱ្យ។

សូមបញ្ជាក់ថា បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅកម្ពុជាមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់ផលបុណ្យ​ដល់បុព្វការីជនដែលបានស្លាប់ទៅ ៕