រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មណែនាំឱ្យមន្រ្តីក្រោមឱវាទត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០១ ០៩ ២០២០


MC៖រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំឱ្យមន្រ្តីក្រោមឱវាទគ្រប់ផ្នែកត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋម្ចាស់រោងចក្រ សហគ្រាស ឱ្យបានល្អតាមជំនាញដើម្បីឆ្លើយតបទៅនឹងតម្រូវជីភាពរបស់ពួកគាត់។
ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា មន្ត្រីជំនាញត្រូវចាប់ផ្តើមកែប្រែរបៀបធ្វើការ និងពង្រឹងការងារធនធានមនុស្ស ឱ្យស្របទៅនឹងរបត់ នៃកំណែទម្រង់ការងារ និងរចនាសម្ព័ន្ធថ្មីរបស់ក្រសួង និងរបស់មន្ទីរ ទៅលើសមត្ថកិច្ចដឹកនាំនិងគ្រប់គ្រងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្ម និងទឹកស្អាតនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ បន្ថែមពីនេះទៀតត្រូវបន្តពូនជ្រុំ និងគាំទ្រ ធ្វើឱ្យសកម្មភាពផ្នែកឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យមក្នុងខេត្តមានដំណើរការ ធម្មតា មិនប្រឈមនឹងការបិទទ្វារ ឬផ្អាកដំណើរការដោយរដ្ឋបាលខេត្តរួមទាំងមន្ទីរអង្គភាពនានាជុំវិញខេត្ត គួរមានវេទិកាជួបប្រាស្រ័យទាក់ទងគ្នាជាមួយផ្នែកឯកជនក្នុងខេត្ត ដើម្បីមានលទ្ធភាពពិភាក្សារួមគ្នា គិតគូរដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលជូនដល់ផ្នែកឯកជន និងធុរជន។
ឯកឧត្តមទេសរដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងស្ថានភាពកំពុងទ្រទ្រង់សេដ្ឋកិច្ចជាតិ គឺយើងត្រូវ បង្កើនផលិតកម្មក្នុងស្រុក ជំនួសឱ្យការនាំចូលពីប្រទេសនានា ក្នុងពេលជួបវិបត្តិកូវីដ-១៩។ ជាមួយគ្នានេះ ឯកឧត្តមបន្តថា មន្រ្តីជំនាញក្រសួងនិងមន្ទីរត្រូវលើកកម្ពស់និងតម្រង់ទិសការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ព្រមជាមួយនឹងការកែលម្អបរិស្ថាននិយ័តកម្ម ដើម្បីពង្រីកភាពប្រកួតប្រជែង។ បន្តចូលរួមអនុវត្តវិធានការកំណែទម្រង់ថ្មីៗទាក់ទងនឹងការធ្វើប្រតិភូកម្មអំណាចជូនដល់រដ្ឋបាលក្រុង ស្រុក ខេត្ត និងមន្ទីរឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពង្រឹងឱ្យកាន់តែមានប្រសិទ្ធភាពជាងមុនក្នុងការងារគ្រប់គ្រងមូលដ្ឋានសហគ្រាស រោងចក្រ ឧស្សាហកម្ម សិប្បកម្មគ្រប់ប្រភេទ តាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
ឯកឧត្តម បញ្ជាក់ថា ចំពោះមន្ទីរនិងបណ្តាច្រកចេញចូលតែមួយនៅក្រុង ស្រុក ខេត្ត ត្រូវរៀនសូត្រ បង្កើនចំណេះដឹងថែមទៀតក្នុងការចាប់ផ្តើមអនុវត្តទម្រង់បែបបទមួយចំនួន តាមរបៀបប្រព័ន្ធអនឡាញ (Online Networks)រាប់ទាំងពីការចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យម និងរោងចក្រសហគ្រាស ដើម្បីអាចដើរទន្ទឹមគ្នានឹងការចុះបញ្ជីពន្ធដារតាមប្រព័ន្ធអនឡាញ ហើយក៏អាចភ្ជាប់ទៅនឹងប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃផងដែរ។ទស្សនទានរបស់យើង គឺចង់ឱ្យសហគ្រាសទាំងអស់នោះ ចូលមកនៅក្នុងរង្វង់ច្បាប់ ដើម្បីមិនត្រឹមតែក្នុងគោលដៅគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះ គឺការជួយអភិវឌ្ឍន៍សហគ្រាស និងចូលរួមជួយដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលម្ចាស់សហគ្រាសទាំងនោះជួបប្រទះ តាមរយៈការផ្តល់សេវាសាធារណៈប្រកបដោយភាពឆាប់រហ័ស តម្លាភាព និងការជឿទុកចិត្ត៕