រដ្ឋបាលស្រុកបន្ទាយស្រីសហការជាមួយជំនាញពាក់ព័ន្ធនឹងដាំកូនឈើចំនួន២០២០ដើមនៅក្នុងឃុំឃុនរាម ខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា៖ លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប

MC.រដ្ឋបាលស្រុកបន្ទាយស្រីបានសហការរៀបចំជាមួយ”ក្រុមរួមគ្នាដើម្បីការងារសង្គម” និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដាំកូនឈើប្រណិតចំនួន ២០២០ដើម នៅក្នុងភូមិពើងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រង់ចំណុចវត្តពើងព្រួត នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងសោភ័ណភាពភូមិនេះឱ្យកាន់តែមានភាពស្រស់ ស្អាតសម្បូរទៅដោយភាពបៃតងស្រស់។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ដើម្បីបង្កើតឡើងវិញនូវភាពបៃតង ភាពស្រស់បំព្រងនៅក្នុងស្រុក គឺនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ខាងមុខ រដ្ឋបាលស្រុក សហការជាមួយអ្នកពាក់ព័ន្ធនឹងរៀបចំពិធីដាំកូនឈើប្រណិតចំនួន ២០២០ដើម ដែលកូនឈើទាំងនោះមានដូចជា ឈើធ្នង់ បេង និងក្រញូង ក្នុងបរិវេណភូមិខាងលើ។

លោកបន្តថា ស្រុកបន្ទាយស្រី នឹងខិតខំធ្វើឱ្យសម្រេចបានគោលដៅ”មនុស្ស១នាក់ ដាំដើមឈើ១ដើម ក្នុង១ឆ្នាំ ធ្វើយ៉ាងណាដាំដើមឈើឱ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន តាមចំនួនប្រជាពលរដ្ឋរស់នៅក្នុងស្រុកនេះ ប្រមាណ៥ម៉ឺននាក់ និងការដាំដើមឈើឱ្យបាន៥ម៉ឺនដើមក្នុង១ឆ្នាំ គឺជាចំនួនមួយស្មើនឹងចំនួនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងមូល។

សំឡេង៖«ការដាំកូនឈើនៅក្នុងស្រុកបន្ទាយស្រី ភាគច្រើនយើងដាំក្នុងគោលបំណង បង្កើតឡើងវិញនូវគម្របបៃតង អ៊ីចឹងកន្លែងណាក៏ដោយ ឱ្យតែយើងរកឱកាសអាចដាំបាន បង្កើតគម្របបៃតងយើងនឹងដាំ ជាគោលការណ៍របស់ស្រុក ធ្វើយ៉ាងណា ដាំឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន គោលដៅមួយដែលចង់ធ្វើគឺបន្ទាយស្រីមានប្រជាជន៥ម៉ឺននាក់ អ៊ីចឹងម្នាក់ ក្នុង១ឆ្នាំដាំ១ដើម មិនប្រាកដថាអ្នកទាំងអស់ហ្នឹងជាអ្នកដាំទេ តែបើ១ឆ្នាំដាំបាន៥ម៉ឺននឹងធានានិរន្តរភាព នៅក្នុងស្រុក យើងដាំប្រភេទឈើប្រណិត មានធ្នង់ បេង ក្រញូង ដោយសាររាល់ការដាំយើងពិនិត្យលើភូមិសាស្ត្រ និងភាពអំណោយផលនៅទីនោះបើនៅទីប្រជុំជនយើងដាំជាប្រភេទឈើផ្កា ដូចជាត្របែកព្រៃ ដើមក្ងោក បើជាតំបន់ព្រៃ ឬតំបន់ដែលរងការកាប់បំផ្លាញយើងដាំដើមឈើណា ដែលត្រូវតាមតំបន់នោះ »។

សូមជម្រាបផងដែរថា រយៈពេល៦ខែចុងក្រោយនេះ អភិបាលស្រុកបន្ទាយស្រីបានចូលរួម ក្នុងកម្មវិធីដាំដើមឈើ ដើមផ្កា និងដើមឈើហូបផ្លែបានចំនួន៨លើក ក្នុងនោះ ដើមឈើជិត២៥០០០ដើម ត្រូវបានដាំនៅលើទឹកដីស្រុកបន្ទាយស្រីទាំងមូល ដើម្បីធានានូវនិរន្តរភាព និងចីរភាព នៃពណ៌បៃតងនៅក្នុងមូលដ្ឋាននេះ៕