ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតែប្រព្រឹត្តទៅជាធម្មតា ប៉ុន្តែត្រូវអនុវត្តវិធានការណ៍ទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា អត្ថបទ វ៉ែន សុវុទ្ធី


ភ្នំពេញ៖ ក្រសួងធម្មការនិងសាសនាបានអះអាងថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅតែប្រព្រឹត្តទៅជាធម្មតា ប៉ុន្តែត្រូវអនុវត្តវិធានការណ៍ទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩របស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវដើម្បីកុំឱ្យជំងឺនេះ រាលដាលឆ្លងចូលសហគមន៍ ។
ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា មកទល់ពេលនេះក្រសួងបានធ្វើសេចក្ដីណែនាំទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាព្រះសង្ឃនៅគ្រប់ទីអារាម ត្រូវមានវិធានការណ៍ ការពារទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងរដូវកាលនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃចូលរួមអនុវត្តវិធានអនាម័យឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ។ ឯកឧត្តមបានបន្តថា ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នារដូវកាលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះតម្រូវឱ្យគ្រប់វត្តអារាម រៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អ មានអនាម័យ បរិស្ថានល្អ ដោយមានសារអប់រំ តាមរយៈ ចងបដា ទង់ជ្វាលា ពាក្យស្លោក នៅតាមទីធ្លាវត្តជាដើម ។
(សំឡេង)« ការងារអប់រំណែនាំទាក់ទងរឿង ការរក្សាគម្លាត ការលាងដៃនឹងទឹកស្អាត ឬ ជែលអាល់កុល ហើយពាក់ម៉ាស់នេះ គឺថា យើងធ្វើការផ្សព្វផ្សាយ ជាហូរហែទាំងគណៈសង្ឃនាយកក៏ផ្សព្វផ្សាយ ក្រសួងក៏ផ្សព្វផ្សាយយើងមានពីការណែនាំក្នុងនោះទាំងគណៈសង្ឃ ក្រសួង គណៈសង្ឃទាំងពីរគណៈក៏លោកចេញនូវសង្ឃប្រកាសរបស់លោកគឺថាមានការយកចិត្តទុកដាក់ទៅលើការជួបជុំជាធំពេលមានមនុស្សច្រើនសុំឱ្យនៅគម្លាតគ្នាបើពុទ្ធបរិស័ទទៅច្រើនសូមឱ្យចែកជាក្រុមឧទាហរណ៍មកម្ដងប្រគេនចង្ហាន់លោក៣ ឫ ៥នាក់ អ៊ីចឹងទៅណាអ្នកដទៃ គឺថាយើងនៅឱ្យមានគម្លាតគ្នាឱ្យឆ្ងាយ ឬក៏មានប្រជាជនច្រើន យើងអាចនៅទីធ្លាវត្ត កុំអាលឱ្យមកចូលក្នុងសាលាឆាន់ហើយចាំផ្លាស់ប្តូរវេនគ្នាទៅ»។
ឯកឧត្តមបានបន្ថែមថា គ្រប់វត្តអារាមត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំឱ្យមានកម្លាំងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ដែលមកបំពេញកុសលនៅគ្រប់វត្តអារាម ។ មួយវិញទៀត ត្រូវមានកន្លែងពិនិត្យសុខភាព មុនពេលចូលទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កំដៅ សាប៊ូ, ជែល ឬទឹកអាកុល សម្រាប់លាងដៃជាប្រចាំ។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃ ដែលឆ្នាំនេះចាប់ផ្តើមពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី៣ដល់ថ្ងៃទី១៧ខែកញ្ញា ឆ្នាំ ២០២០ ខាងមុខ ៕