ស្ថានភាពអ្នកនៅក្នុងពន្ធនាគារខេត្តព្រះវិហារគឺជាករណីជំងឺគ្រុនផ្តាសាយធំ មិនមែនជំងឺកូវីដ-១៩ឡើយ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ 01,09,2020

MC៖  ក្រសួងសុខាភិបាលបានឱ្យដឹងថា ស្ថានភាពអ្នកនៅក្នុងពន្ធនាគារខេត្តព្រះវិហារគឺជាករណីជំងឺគ្រុនផ្តាសាយធំ មិនមែនជំងឺកូវីដ-១៩ឡើយ ។ 

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានទទួលព័ត៌មានអំពីហេតុការណ៍ករណី សង្ស័យជំងឺគ្រុនផ្ដាសាយធំជាច្រើននាក់បានកើតឡើងលើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធនាគារខេត្តព្រះវិហារ។ 

លោកជំទាវ បញ្ជាក់ថា ភ្លាមៗនោះ មានក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យ ព្យាបាល របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារបានចុះពិនិត្យតាមលក្ខណ:បច្ចេកទេសភ្លាម ។ ក្នុងនោះអ្នកជំងឺ និងអ្នកសង្ស័យថាឆ្លងជំងឺទាំងអស់ត្រូវបានធ្វើការបែងចែកចេញពីគ្នាដូចខាងក្រោម៖ ១. អ្នកជំងឺចំនួន១៤៧នាក់ (ស្ត្រី ១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែក ផ្តល់ការព្យាបាល និងបានយកវត្ថុសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។

២. អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន១១នាក់ ត្រូវបានដាក់ឱ្យនៅបន្ទប់ដាច់ដោយឡែកផ្សេងមួយទៀត និងអ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន៣២៦នាក់ (ស្ត្រី ២០នាក់) ក៏ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកផ្សេងៗគ្នា។

លោកជំទាវ ឱ វណ្ណឌីន បន្ថែមថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លទ្ធផលវិភាគវត្ថុសំណាក ទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ: បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់គ្នា ។ ដូច្នេះ មិនមែនជាករណីជំងឺកូវីដ-១៩នោះទេ   ហើយលទ្ធផលវិភាគ មន្ទីរពិសោធន៍ ក៏បានបញ្ជាក់ដែរថា គឺជាករណីជំងឺផ្តាសាយធំ (Influenza A) ដែលជាជំងឺអាចឆ្លងបន្តគ្នា បានក្នុងទ្រង់ទ្រាយបែបនេះដែរ ប្រសិនបើបុគ្គលម្នាក់ៗ មិនបានអនុវត្តកិច្ចការពារខ្លួន បានត្រឹមត្រូវទេនោះ។

 លោកជំទាវ បញ្ជាក់ថា ក្រុមការងារ ក៏បានធ្វើការអប់រំ សុខភាព ដើម្បីឱ្យអ្នកនៅក្នុងពន្ធនាគារទាំងអស់ ចេះការពារខ្លួនកុំឱ្យមានការចម្លងបន្តគ្នាបន្ថែមទៀត។

លោកជំទាវបញ្ជាក់ទៀតថា បច្ចុប្បន្នស្ថានភាពសុខភាពរបស់អ្នកជំងឺ មានសភាពល្អប្រសើរជាបណ្តើរៗនិងស្ថិតក្រោមការតាមដានដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ៕