រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រសួងសុខាភិបាល បើកកិច្ចប្រជុំរួមគ្នា ស្តីពីវិធានការគ្រប់គ្រង និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

(ត្បូងឃ្មុំ)៖ រសៀលទី០១ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រសួងសុខាភិបាល បានបើកកិច្ចប្រជុំរួមគ្នា ស្តីពីវិធានការគ្រប់គ្រង និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ខេត្តត្បូងឃ្មុំ និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា ប្រតិភូក្រសួងសុខាភិបាល មន្រ្តីអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរសុខភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ។

មានប្រសាស៍នាឳកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងនាមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើកាជំរុញដល់ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ គ្រប់លំដាប់ថ្នាក់ និងតាមមូលដ្ឋាននានា នៅក្នុងខេត្តត្បូងឃ្មុំ ឲ្យបន្តផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសារាណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការបង្ការ និងការពារ ការឆ្លងនូវ ជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុននេះ ដល់ប្រជាពលរដ្ឋទូទៅដែលជាពុទ្ធសាសនិកជន និងគណៈកម្មការគ្រប់វត្តអារាម អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទប់ស្កាត់កូវីដ-១៩ ដែលក្រសួងសុខាភិបាលបានដាក់ចេញឱ្យអនុវត្តនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមទប់ស្កាត់ ការចម្លងចូលក្នុងសហគមន៍។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍លើកឡើងថា សម្រាប់ខេត្តត្បូងឃ្មុំ នៅតែបន្តការយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ តាមមូលដ្ឋានគ្រប់បណ្តា ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ក្នុងខេត្តត្បូងឃ្មុំ ពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត ក៍បានរៀបចំដាក់ផែនការរួចរាល់ទៅដល់មន្ត្រីសុខាភិបាល អ្នកពាក់ព័ន្ធទាំងអស់ និងអាជ្ញាធរមូលដ្ឋានអនុវត្តន៍ឲ្យមានប្រសិទ្ធភាព ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង នឹងការចម្លងជំងឺកូវីដ-១៩ ដើម្បីបងបង្អូនប្រជាពលរដ្ឋជៀសផុតពីជំងឺឆ្លងពាសពេញពិភពលោកដ៍កាចសាហាវនេះផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ