អាជ្ញាធរខេត្តកំពង់ឆ្នាំងបន្តចុះចែកពូជមាន់ដល់ក្រុមបណ្ដុំអាជីវកម្មផលិតមាន់ស្រែ

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០


MC៖ អាជ្ញាធរខេត្តកំពង់ឆ្នាំងបន្តចុះចែកពូជមាន់ ដល់ក្រុមបណ្ដុំអាជីវកម្មផលិតមាន់ស្រែ ដើម្បីបង្កើនមុខរបរក្នុងការចិញ្ចឹមមាន់យកសាច់សម្រាប់ជួយលើកស្ទួយជីវភាពប្រជាកសិករ តាមរយៈបង្កើនផលិតភាពផលិតកម្មស្បៀងអាហារ។
កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងជាអនុប្រធានគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ ( LASED II ) ឡាសិត២ បានឱ្យដឹងថា កម្មវិធីចុះចែកពូជមាន់ ដែលមានអាយុ២១ថ្ងៃដល់ក្រុមបណ្ដុំអាជីវកម្មផលិតមាន់ស្រែនេះមានចំនួន១០គ្រួសារជាសម្បទានិកគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ ( LASED II ) ធ្វើឡើងនៅភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
កញ្ញាបន្តថា តាមរយៈកម្មវិធីចុះចែក ពូជមាន់នេះ ពិតជាបានធ្វើឱ្យប្រជាកសិករ អាចទទួលបានទាំងបទពិសោធន៍ បច្ចេកទេស ក្នុងការចិញ្ចឹមតាមបច្ចេកទេសត្រឹមត្រូវ និងទទួលបានប្រាក់ចំណូលច្រើនពីមុខរបរមួយនេះ ។
សំឡេង « យើងអនុវត្តគម្រោងនេះគឺបានរយៈពេលបីឆ្នាំហើយ តែឥឡូវនេះ ឃើញថាជីវភាពរបស់ពួកគាត់មួយចំនួនក៏បានធូរស្រាលៗហើយ គាត់បានចេះក្នុងការចិញ្ចឹមមាន់ដើម្បីដោះស្រាយជីវភាពរបស់ពួកគាត់»។
កញ្ញាហេង គឹមស្រៀងបន្ថែមថា មន្ទីរក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យបង្កើនការចិញ្ចឹមសត្វឱ្យបានច្រើនមានដូចជា ជ្រូក មាន់ ទា ត្រី កង្កែប និងដំណាំបន្លែផ្សេងៗដើម្បីបង្កើនប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារឱ្យកាន់តែមានភាពប្រសើរឡើងជៀសវាងការធ្វើចំណាកស្រុក ។
សូមបញ្ជាក់ថា គោលបំណងរបស់គម្រោងនេះ ដើម្បីគាំទ្រដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ស្រែ តាមកិច្ចសន្យា ក្នុងនោះដោយសមាជិកបណ្ដុំអាជីវកម្មម្នាក់ៗទទួលបានកូនមាន់អាយុ២១ថ្ងៃចំនួន៥០ក្បាល , ស្នូកទឹកចំនួន២ , ស្នូកចំណីចំនួន២ និងចំណីកូនមាន់ចំនួន១ការ៉ុងផងដែរ៕