អាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែងបំផុសយុវជនឱ្យចូលរួមការពារធនធានព្រៃឈើ

វិទ្យុជាតិកម្ពុជា គឹមហឿន  ស្ទឹងត្រែង០១ /០៩/ ២០២០

M.C អាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែងនិងសហគមន៍ព្រៃឈើភ្នំតាគង់បានជំរុញដល់យុវជននៅតាមមូលដ្ឋានឱ្យចូលរួមការពារ និងថែរក្សាធនធានព្រៃ និងកូនឈើដែលទើបនឹងដាំ ឱ្យលូតលាស់ល្អ បានស្ថិតនៅគង់វង្ស ដើម្បីជាប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយ។

         ក្នុងសកម្មភាពដាំកូនឈើប្រណិត៥០០ដើម នៅតំបន់ព្រៃសហគមន៍ភ្នំតាគង់ ភូមិច្រប់ ឃុំក្បាលរមាសស្រុកសេសាន ខេត្តស្ទឹងត្រែង  លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុក  បានបំផុសដល់យុវជន នៅក្នុងសហគមន៍ទាំងអស់ត្រូវ ចាត់ទុកកូនឈើប្រណិតដែលបានដាំហើយ  ជាធនធានសម្បត្តិធម្មជាតិរបស់យើងទំាងអស់គ្នាព្រោះមានផលប្រយោជន៍សម្រាប់ នៅថ្ងៃអនាគត ។

លោកបញ្ជាក់ថា កូនឈើប្រណិតទាំងនោះមានដូចជា កូនឈើបេង  នាងនួន ធ្នុងនិងក្រញូង ដែលប្អូនៗបានដាំហើយសុទ្ធតែបានដាក់ឈ្មោះទាំងអស់គ្នា ដើម្បីកំណត់ចំណាំ ដូចនេះត្រូវឧស្សាព្យាយាមមកមើលថែឱ្យវាលូតលាស់ធំល្អ។

កញ្ញា វង្ស ដាលី  ដែលបានចូលរួមដាំកូនឈើនៅតំបន់នោះ បានទទួលយកនូវការក្រើនរំលឹករបស់លោកអភិបាលស្រុក ព្រោះថា ឈើប្រណិតទំាងនេះជាប្រភេទឈើមានតម្លៃ ដោយសារបច្ចុប្បន្នវាបានក្លាយទៅជាប្រភេទឈើកម្រ។

លោក ខាវ វុន អនុប្រធានសហគមន៍ព្រៃឈើភ្នំតាគង់បានបញ្ជាក់ថា៖កូនឈើដែលយើងដាំនេះជាការបំពេញបន្ថែមប្រយោជន៍ ធ្វើឱ្យព្រៃសហគមន៍នេះកាន់តែមានភាពបៃតង  និងបានផ្តល់ផលប្រយោជន៍សម្រាប់សមាជិកសហគមន៍អាស្រ័យផល និងបានផ្តល់ទីជម្រកដល់សត្វគ្រប់ប្រភេទផងដែរ ។ 

សូមបញ្ជាក់ថា៖ តំបន់អភិរក្សភ្នំតាគង់មានផ្ទៃដី១០៧៣ហិកតា បច្ចុប្បន្នគ្រប់គ្រងដោយ ជនជាតិដើមភាគតិចព្រៅ ដែលមានសមាជិកសរុបជាង២៥០គ្រួសារ ទទួលការ អាស្រ័យផលពីព្រៃសហគមន៍  ដូចជា បន្លែបង្ការ ផ្លែឈើ ទឹកឃ្មុំធម្មជាតិ វល្លិ៍ផ្តៅ និងដើមឈើព្រៃយកមកធ្វើជាឱសទបុរាណជាដើម៕