រូបសំណាកស្រី្តកំពុងអង្គុយឱបកូននឹងជំរុញឱ្យពលរដ្ឋខ្មែរគ្រប់រូបរួមគ្នាការពារសុខសន្តិភាព

វិទ្យុជាតិកម្ពុជា៖ ហុក សុខរិន


MC. រូបសំណាកស្រី្ត កំពុងអង្គុយឱបកូនស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនឹងជំរុញឱ្យពលរដ្ឋខ្មែរគ្រប់រូបរួមគ្នាការពារសុខសន្តិភាពឱ្យបានគង់វង្សសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ ព្រោះសន្តិភាពនេះធ្វើឱ្យមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។
រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១ខែកញ្ញានេះ បានបើកសម្ពោធរូបសំណាកស្រ្តីកំពុងអង្គុយ ឱបកូននៅក្នុងបរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីរំលឹកឡើងវិញនូវសច្ចធម៌ប្រវត្តិសាស្រ្ត នៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលត្រូវព្រាត់ប្រាស់ក្រុមគ្រួសារ ប្តី ប្រពន្ធ កូន និងរស់នៅចាំតែថ្ងៃគេយកទៅសម្លាប់ និងភ័យរន្ធត់គ្រប់ពេលវេលា។
នៅក្នុងឱកាសនោះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា តាមរយៈរូបសំណាកនេះគឺបាន បង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យរួមសាមគ្គីគ្នា ស្រលាញ់សន្តិភាព ការពារ សន្តិភាព និងទប់ស្កាត់កុំឱ្យរបបព្រៃផ្សៃឃោឃៅត្រឡប់មកម្តងទៀត។ កិច្ចការពារសន្តិភាពនេះយើងទំាងអស់គ្នាត្រូវរួមគ្នាការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាល និងគាំទ្រនូវគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើន ថែមទៀត។
សំឡេង៖ «យើងត្រូវរួមគ្នាជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដើម្បីការពារសន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលប្រមុខរាជរដ្ឋាភិបាលយើងបានខិតខំពុះពារ ជម្នះរាល់ការលំបាកយ៉ាងខ្លំាង ទំរាំដណ្តើមបានសន្តិភាព និងផ្តល់ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិមាតុភូមិ ដូច្នេះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយផ្អែកតាមប្រវត្តិសាស្រ្តខាងលើ ខ្ញុំសូមអំពាវនាវដល់ក្រុមយុវជននិងប្រជាពលរដ្ឋទំាងអស់ ត្រូវរួបគ្នាទប់ស្កាត់បដិវត្តន៍ពណ៌ ការបម្រើ មនោ គមន៍វិជ្ជាបរទេស និងប្រឆំាងរាល់ការជ្រៀតជ្រែកពីកម្លំាងអមិត្ត មិនអោយមានក្រុមណាមួយចលនាណា មួយទាញសង្គមជាតិយើងឱ្យធ្លាក់ក្នុងវិបត្តិកលិយុគដូចពីអតីតកាល ទោះក្នុងតម្លៃណាក៏ដោយ។
សូមបញ្ជាក់ថា រូបសំណាកស្ត្រីអង្គុយឱបកូននេះ គឺស្ថិតក្នុងទម្រង់ស្ថានភាពភ័យរន្ធត់និងអស់សង្ឃឹមក្នុងឆាកជីវិត ធ្វើឡើងអំពីស្ពាន់មានកម្ពស់២ម៉ែត្រ ហើយមានចរិកអក្សរជាភាសាខ្មែរ និងអង់គ្លេសដែលមានខ្លឹមសារ ស្ដីពីការចងចាំគ្មានថ្ងៃភ្លេចនូវរបបកម្ពុជាប្រជាធិបតេយ្យ ថ្ងៃទី ១៧ខែ មេសា ឆ្នាំ១៩៧៥ ថ្ងៃ០៧ខែ មករា ឆ្នាំ ១៩៧៩ ៕