យោធាសហរដ្ឋអាមេរិកបន្ទោសក្រុមតាលីបង់ចំពោះការវាយប្រហារថ្មីៗ ទៅលើមូលដ្ឋាននៅក្នុងប្រទេសអាហ្វហ្គានីស្ថានភាគខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០​ — កាសែតញូវយ៉កថែមស៍បានរាយការណ៍ថា មន្រ្តីយោធាសហរដ្ឋអាមេរិកបានបន្ទោសទៅលើក្រុម តាលីបង់ឱ្យទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីពេលថ្មីៗនេះ ទៅលើមូលដ្ឋានទ័ពអាកាស Bastion Bastion និងមូលដ្ឋានប្រតិបត្តិការជំរុំ Dwyer នៅក្នុងខេត្ត Helmand នៃប្រទេសអាហ្វហ្គានីស្ថានភាគខាងត្បូង។

មន្រ្តីយោធា ៣រូប បានប្រាប់កាសែតនេះថា គ្រាប់រ៉ុក្កែតត្រូវបានគេជឿថា ត្រូវបានបាញ់បង្ហោះដោយពួកតាលីបង់នៅក្នុងអ្វីដែលបង្កើតឡើងនូវការរំលោភទៅលើកិច្ចព្រមព្រៀងសន្តិភាពរវាងចលនានេះ និងទីក្រុងវ៉ាស៊ីនតោន។

កាសែតនេះបាននិយាយបន្ថែមថា មេបញ្ជាការតាលីបង់ម្នាក់បានបដិសេធតួនាទីរបស់ចលនាខ្លួននៅក្នុងការវាយប្រហារនេះ ហើយបានសន្យាថា ក្រុមខ្លួននឹងពិនិត្យមើលទៅលើបញ្ហានេះ។ បេសកកម្មដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីស្ថានភាពនេះទេ។

កាលពីចុងខែកក្កដា មានគ្រាប់រ៉ុក្កែតប្រហែល ១២គ្រាប់បានត្រូវបានបាញ់នៅតំបន់ជុំវិញជំរុំ Bastion ដែលជាមូលដ្ឋានទ័ពអាកាសប្រើរួមគ្នាដោយកងកម្លាំងសហរដ្ឋអាមេរិក និងអាហ្វហ្គានីស្ថាន។ ឧប្បត្តិហេតុស្រដៀងគ្នានេះបានកើតឡើងផងដែរកាលពីចុងខែសីហា ជាមួយនឹងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ត្រូវបានបាញ់ប្រឆាំងនឹងជំរុំ Dwyer នៅក្បែរនោះ។

កាលពីថ្ងៃទី ២៩ ខែកុម្ភៈ សហរដ្ឋអាមេរិក និងចលនាតាលីបង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយនៅក្នុងរដ្ឋធានីដូហា នៃប្រទេសកាតា ដោយបញ្ជាក់អំពីការដកថយរបស់កងទ័ពបរទេសពីប្រទេសអាហ្វហ្គានីស្ថានជាថ្នូរនឹងការធានាថា វានឹងមិនក្លាយជាទីជម្រកសម្រាប់ក្រុមភេរវករអន្តរជាតិទេ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)