ស្ថានភាពនៅក្នុងប្រទេសបេឡារុស្សស្ថិតក្រោមការគ្រប់គ្រងបាន ដោយមិនចាំបាច់ប្រើកងកម្លាំងប៉ូលិសបម្រុងរបស់រុស្ស៊ីទេ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០​ — អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ស្ថានការណ៍នៅក្នុងប្រទេសបេឡារុស្សកំពុងស្ថិតក្រោមការគ្រប់គ្រងបាន ហើយគ្មានចំណុចណាមួយនិយាយអំពីលទ្ធភាពនៃការប្រើប្រាស់កងកម្លាំងបម្រុងរបស់មន្រ្តីអនុវត្តច្បាប់រុស្ស៊ីនោះទេ។

លោកបាន Peskov បានកត់សម្គាល់ថា «យោងតាមស្ថានភាពនាពេលបច្ចុប្បន្ននេះ មិនមានគម្រោងក្នុងការប្រើប្រាស់កងកម្លាំងបម្រុងនេះទេ។ ប្រធានាធិបតីរុស្ស៊ីបានចង្អុលបង្ហាញថា វានឹងត្រូវបានប្រើប្រាស់ជាវិធានការចុងក្រោយ ប្រសិនបើក្រុមជ្រុលនិយមព្យាយាមធ្វើឱ្យស្ថានការណ៍អស្ថិរភាព។ ប៉ុន្តែយើងអាចមើលឃើញថា ស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រងបាន ដូច្នេះគ្មានចំណុចណាមួយដែលត្រូវនិយាយអំពីរឿងនេះទេនាពេលឥឡូវនេះ»។

យោងតាមលោកបានឱ្យដឹងថា «បណ្តាភ្នាក់ងារអនុវត្តច្បាប់ និងអាជ្ញាធររបស់ប្រទេសនេះកំពុងគ្រប់គ្រងស្ថានការណ៍បាន ដោយរារាំងការបង្កហេតុដែលអាចធ្វើឡើងដោយហ្វូងមនុស្សយ៉ាងច្រើន»។

ក្នុងពេលជាមួយគ្នានេះដែរ លោក Peskov បានពន្យល់ថា ប្រសិនបើមានតម្រូវការកើតឡើងក្នុងការប្រើប្រាស់កងកម្លាំងបម្រុងរបស់ប៉ូលិស វានឹងមិនត្រូវការការយល់ព្រមពីក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (សភាជាន់ខ្ពស់) ទេ ព្រោះវានិយាយអំពី «កាតព្វកិច្ចរបស់រុស្ស៊ីដែលត្រូវបានផ្តល់សច្ចាប័នដោយសភា»។ លោកបាននិយាយថា កាតព្វកិច្ចទាំងនោះសំដៅទៅលើកិច្ចព្រមព្រៀងរបស់ប្រទេសរុស្ស៊ីជាមួយប្រទេសបេឡារុស្ស ដែលបានធ្វើឡើងនៅក្នុងរដ្ឋសហភាព និងអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)