ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមចាក់ថ្នាំវ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ សម្រាប់ប្រជាជនដែលងាយរងគ្រោះដោយជំងឺកូវីដ-១៩ នៅក្នុងខែវិច្ឆិកា ឬខែធ្នូ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃទី ១១ ខែសីហា រដ្ឋាភិបាលរុស្ស៊ីបានចុះបញ្ជីជាផ្លូវការនូវវ៉ាក់សាំង Sputnik V ដែលជាវ៉ាក់សាំងដំបូងបង្អស់នៅលើពិភពលោកប្រឆាំងនឹងជំងឺកូវីដ-១៩ ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បាននិយាយថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងនេះក្នុងទ្រង់ទ្រាយធំដល់ប្រជាជនដែលងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ នៅក្នុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ។

លោករដ្ឋមន្រ្តីរូបនេះបាននិយាយថា «សម្រាប់ក្រុមប្រជាជនដែលមានហានិភ័យវ៉ាក់សាំងនឹងត្រូវបានផ្តល់ជូនមុនគេក្នុងបរិមាណតិចតួចនៅដើមខែកញ្ញានេះ ហើយការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំត្រូវបានគ្រោងធ្វើឡើងជាបន្ទាប់នៅក្នុងខែវិច្ឆិកា ឬខែធ្នូ»។

លោក Murasko បាននិយាយថា «នៅក្នុងសប្តាហ៍នេះ ការសាកល្បងព្យាបាលក្រោយការចុះឈ្មោះនឹងត្រូវបានចាប់ផ្តើមដោយក្រុមអ្នកស្ម័គ្រចិត្តសរុបចំនួន ៤ម៉ឺននាក់ត្រូវបានជ្រើសរើស។ ទាំងនេះ គឺជាការសិក្សាដែលគ្រប់គ្រងដោយ placeboដែលនឹងអនុញ្ញាតឱ្យយើងតាមដានរាល់ភាពស៊ាំគ្នា និងព័ត៌មានលម្អិត។ យើងឃើញថា វ៉ាក់សាំងនេះមានប្រសិទ្ធិភាព និងមានសុវត្ថិភាព»។

នៅក្នុងខែសីហា រដ្ឋាភិបាលរុស្ស៊ីបានចុះបញ្ជីជាផ្លូវការនូវវ៉ាក់សាំង Sputnik V ដែលជាវ៉ាក់សាំងដំបូងបង្អស់នៅលើពិភពលោកប្រឆាំងនឹងជំងឺកូវីដ-១៩ ។ បើទោះបីជាវ៉ាក់សាំងនេះកំពុងដំណើរការនៅក្នុងដំណាក់កាលទី៣ នៃការសាកល្បងព្យាបាលក៏ដោយ ក៏យោងតាមពិធីសាររបស់អង្គការសុខភាពពិភពលោក មន្រ្តីសុខាភិបាលរុស្ស៊ីបាននិយាយថា វាបានបង្ហាញអំពីសមត្ថភាពក្នុងការបង្កើតភាពស៊ាំមានស្ថិរភាពប្រឆាំងនឹងមេរោគនេះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)